យន្តហោះត្រូវបានរៀបចំឡើងដោយបុគ្គលិកព្រលានយន្តហោះ ខណៈដែលទង់ជាតិស៊ីរីថ្មី បានគ្រវីនៅលើដំបូលអគារនៃអាកាសយានដ្ឋាន។ ជើងហោះហើរក្នុងស្រុកដំបូង បានចាប់ផ្ដើមចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ នៅទីក្រុងដាម៉ាស (Damascus International Airport) ឆ្ពោះទៅទីក្រុង Aleppo។
ការបើកដំណើរការនេះកើតមានឡើងនៅពេលដែលបេសកជនរបស់អង្គការសហប្រជាជាតិ (UN) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ប្រទេសនេះចាំបាច់ត្រូវទទួលបានការគាំទ្រផ្នែកសេដ្ឋកិច្ចដែលប្រទេសនេះត្រូវការ។
គួររំលឹកឡើងវិញថា អ្នកគ្រប់គ្រងប្រទេសមុន គឺលោក Bashar al-Assad ត្រូវបានទម្លាក់ចេញពីអំណាច កាលពីថ្ងៃទី៨ ខែធ្នូ ដោយកងកម្លាំងបះបោរដឹកនាំដោយក្រុមអ៊ិស្លាមនិយម Hayat Tahrir al-Sham (HTS)។
ហើយឥឡូវនេះ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីមើលថា តើមេដឹកនាំថ្មីរបស់ស៊ីរីអាចធ្វើឲ្យប្រទេសមានស្ថិរភាព និងបញ្ចៀសការសងសឹកដោយហិង្សាបានដែរ ឬយ៉ាងណា បន្ទាប់ពីមានសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ ដែលជាការប្រយុទ្ធគ្នា រវាងក្រុមបែងចែកនិកាយសាសនា និងជនជាតិភាគតិច៕


