អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian នៅថ្ងៃពុធ (ទី១៨ ខែធ្នូ) នេះ បាននិយាយថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកនយោបាយអាមេរិកមួយចំនួនដែលធ្វើឲ្យប៉ពាល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងគ្រឿងញៀនរបស់ចិន។
អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lin បានប្រាប់ថា៖ «យើងសូមស្នើឲ្យអ្នកនយោបាយមួយចំនួននៅសហរដ្ឋអាមេរិក ព្យាយាមដោះសា្រយបញ្ហាផ្ទាល់ខ្លួន»។
គួរបញ្ជាក់ថា ក្រុមសមាជិកសភាអាមេរិកមកពីគណបក្សទាំង២ កាលពីថ្ងៃអង្គារ (ទី១៧ ខែធ្នូ) បានស្នើសេចក្ដីស្នើច្បាប់ចំនួន ៣ ក្នុងគោលបំណងរឹតបន្តឹងតួនាទីរបស់ចិន នៅក្នុងវិបត្តិសារធាតុហ្វង់តានីលរបស់សហរដ្ឋអាមេរិក ដោយដាក់ចេញនូវវិធានការដែលនឹងបង្កើតក្រុមការងាររបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន និងបើកផ្លូវឲ្យមានការដាក់ទណ្ឌកម្មលើអង្គភាពនានារបស់ចិន។
អាជ្ញាធរអាមេរិក បានប្រាប់ថា ប្រទេសចិន គឺជាប្រភពដ៏សំខាន់នៃសារធាតុគីមីដើមដែលប្រើប្រាស់ដោយក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ដើម្បីផលិតសារធាតុហ្វង់តានីល ខណៈដែលអ្នកសម្អាតលុយកខ្វក់របស់ចិន បានក្លាយជាតួអង្គសំខាន់ ក្នុងការជួញដូរគ្រឿងញៀនអន្តរជាតិ។
គណៈកម្មាធិការជ្រើសរើសរបស់សភាតំណាងរាស្រ្តទទួលបន្ទុកកិច្ចការប្រទេសចិន ដែលជាអ្នកគាំទ្រទាំងអស់ ចំពោះសេចក្ដីស្នើច្បាប់នេះ នឹងជួយធ្វើឲ្យបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិនទទួលខុសត្រូវ ចំពោះ «ការបង្កើតដោយផ្ទាល់ឲ្យមានវិបត្តិសារធាតុហ្វង់តានីល តាមរយៈការឧបត្ថម្ភធនរដ្ឋរបស់ខ្លួន ចំពោះវត្ថុធាតុដើម»៕