កោះកុង ៖ តំបន់កម្សាន្តលំហែតារាសាគរ ជាតំបន់ដែលមានសុវត្ថិភាពបំផុត សម្រាប់ទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងនាចុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ក្រោយមានការជំរុញណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាយទទួលទេសចរណ៍ឡើងវិញ។
រាប់ចាប់តាំងពីច្រកចេញចូលធ្វើដំណើររហូតដល់ក្នុងតំបន់កម្សាន្តនានា ក្នុងក្រុមហ៊ុនវិស្សមកាលតារាសាគរ កន្លែងសេវាស្នាក់នៅ បរិភោគអាហារ និងសេវាដឹកជញ្ជូនភ្ញៀវ គឺភាគច្រើនសុទ្ធតែបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចរាល់ហើយ តបនឹងអ្វីដែលជាគោលការណ៍ប្រតិបត្តិស្តង់ដារSOP ។
លោក Wang Bocheng អគ្គនាយករងក្រុមហ៊ុនខូសថល ស៊ីធី និងជាប្រធានមជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ របស់ក្រុមហ៊ុនតារាសាគរ បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែតុលាថា គ្រប់ថ្នាក់ដឹកនាំ និងបុគ្គលិកបម្រើការងារក្នុងតំបន់វិស្សមកាលតារាសាគរ បានចាក់វ៉ាក់សាំង២ដូសគ្រប់ៗគ្នា ហើយក្នុងន័យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មុននឹងឱកាសដាក់ដំណើរការទទួលទេសចរឡើងវិញដូចពេលនេះ។
ដូច្នេះលោក Wang Bocheng អះអាងថា តំបន់រមណីយដ្ឋានវិស្សមកាលតារាសាគរ ជាតំបន់ធានាសុវត្ថិភាព និងប្រកបដោយជំនឿចិត្តខ្ពស់ពីសំណាក់បណ្តាក្រុមអ្នកទេសចរមកពីគ្រប់ទិសទីនាពេលខាងមុខ។ នីតិវិធីទទួលស្វាគមន៍ភ្ញៀវទេសចរ ក្រុមហ៊ុនទាមទារសុំភ្ញៀវទេសចរបង្ហាញវិញ្ញាបត្រចាក់វ៉ាក់សាំង យកសំណាកធ្វើតេស្តរកមេរោគកូវីដ តម្រូវឱ្យមានការកក់បន្ទប់សណ្ឋាគារស្នាក់នៅលេងកម្សាន្តជាមុនសិន ក្រោយការចាកចេញពីតំបន់តារាសាគរបន្តអនុវត្តវិធានការសុខាភិបាលបន្ថែមមុននឹងអនុញ្ញាតឱ្យចាកចេញបាន។
ទន្ទឹមនេះ លោក អគ្គនាយករងក្រុមហ៊ុនខូសថល ស៊ីធី និងជាប្រធានមជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ ក៏ថ្លែងអំណរអរគុណជូនចំពោះរាជរដ្ឋាភិបាលដែលបានផ្តល់ថ្នាំវ៉ាក់សាំងសម្រាប់អ្នកគ្រប់គ្រង និងបុគ្គលិកក្នុងតំបន់តារាសាគរ ព្រមទាំងជំរុញឱ្យមានគោលនយោបាយទទួលភ្ញៀវទេសចរឡើងវិញ ប្រកបដោយយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំទៅអនាគត។
គួរជម្រាបថា តំបន់រមណីយដ្ឋានតារាសាគរ មានតំបន់កម្សាន្តលំហែកកាយជាច្រើន រួមមាន ៖ ឆ្នេរសមុទ្រខៀវស្រងាត់គួរឲ្យគយគន់ ជិះទូកលេងតាមព្រែកោងកាង បរិភោគអាហារសមុទ្រស្រស់ៗតាមកោះ ព្រលានយានយន្តហោះ វាយកូនគោល កាស៊ីណូ ជាដើម៕
អត្ថបទ ៖ ឈឹមមករា










