ភ្នំពេញ ÷ កម្ពុជាកំពុងអនុវត្តគោលនយោបាយ «ការទូតចម្រុះពណ៌» យ៉ាងជោគជ័យ និងទទួលបានផលប្រយោជន៍ជាច្រើនពីបរទេសក្នុងតំបន់ និងសកលលោក ខណៈដែលសភាពការណ៍ពិភពលោកកំពុងមានការវិវត្តផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅឆាប់រហ័សប្រកបដោយភាពស្មុគស្មាញ និងពោរពេញទៅដោយគ្រោះថ្នាក់។
លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាត្រង់មាត្រ៥៣បានកំណត់ថា កម្ពុជាជាប្រទេសអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធយោធាណាមួយទេ ទើបធ្វើឱ្យកម្ពុជាមានឱកាសប្រើប្រាស់នយោបាយការទូតបត់បែន ដោយបញ្ចៀសខ្លួនឱ្យផុតពីការប្រកាន់យកនយោបាយឆ្វេងនិយម ឬស្ដាំនិយម។
លោកបណ្ឌិតបន្តថា កម្ពុជាបានប្រើប្រាស់នយោបាយការទូតទទួលយកមនោគមវិជ្ជាពីគ្រប់និន្នាការ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងផង និងទទួលបានជំនួយផង តួយ៉ាងជំនួយពីចិន រុស្ស៊ី សហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាម៉េរិកជាដើម។ ចំណុចទាំងនេះហើយ ទើបគេឱ្យនិយមន័យថា ជានយោបាយចម្រុះពណ៌របស់កម្ពុជា។
លើសពីនេះលោកបណ្ឌិតមានសុទិដ្ឋិនិយមចំពោះនយោបាយការទូតចម្រុះពណ៌របស់កម្ពុជាដែលបានផ្ដល់ផលចំនេញដល់ប្រទេសជាតិជាច្រើនពីប្រទេសនៅក្នុងតំបន់ និងសកលលោក ខណៈដែលសភាពការណ៍ពិភពលោកកំពុងមានការវិវត្ត ផ្លាស់ប្ដូរពិបាកប៉ានស្មាន និងឆាប់រហ័សប្រកបដោយភាពស្មុគស្មាញ។
លោកបណ្ឌិតបញ្ជាក់ថា៖«ប្រសិនបើយើងរឹងមាំថែមទៀត យើងអាចទទួលរាប់អាន បង្កើតទំនាក់ទំនងពីគ្រប់និន្នាការនយោបាយទាំងអស់ និងគ្រប់បក្សសម្ព័ន្ធសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយមិនដូចការចោទប្រកាន់របស់អ្នកដទៃថា យើងអោបចិន អោបរុស្ស៊ី ឬក៏អោបសហរដ្ឋអាមេរិកនោះទេ គឺកម្ពុជាប្រឹងអោបយកផលប្រយោជន៍ពីគ្រប់ទិសទី និងអោបសន្ដិភាព»។
លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា យុទ្ធសាស្រ្តការទូតចម្រុះពណ៌របស់កម្ពុជា គឺជាការទូតឆ្លាតវៃ (Smart Diplomacy) ដែលរួមបញ្ចូលនៃការប្រើប្រាស់អំណាចទន់ (Soft Power) ផ្តោតលើកិច្ចការសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងអំណាចរឹង (Hard Power) ផ្តោតលើវិស័យយោធា សន្តិសុខជាដើម។
លោកបន្តថា យុទ្ធសាស្រ្តការទូតចម្រុះពណ៌នេះ ត្រូវបានប្រើប្រាស់ក្នុងគោលនយោបាយការបរទេសអព្យាក្រឹត្យរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយបរទេស និងការទាញយកប្រយោជន៍សេដ្ឋកិច្ច និងនយោបាយពីប្រទេសទាំងនោះ ដោយមិនមានប្រកាន់ ឬរើសអើងទិន្នាការនយោបាយ សាសនា តូចឬធំនោះឡើយ។
អ្នកវិភាគរូបនេះបន្ថែមថា នៅក្នុងយុទ្ធសាស្រ្តចម្រុះនេះផងដែរ កំពុងទទួលបានជោគជ័យ ហើយកម្ពុជាត្រូវតែបន្តប្រើប្រាស់នូវយន្តការ ឬវិធានការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ និងការទូតសន្តិភាពក្នុងការទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ។
លោកបញ្ជាក់ថា៖«ចំពោះអត្ថប្រយោជន៍នៃយុទ្ធសាស្រ្តការទូតចម្រុះពណ៌របស់កម្ពុជា គឺអនុញ្ញាតឱ្យកម្ពុជារក្សាបាននូវអព្យាក្រឹត្យភាព និងស្វ័យភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ដោយមិនចូលបក្សសម្ព័ន្ធ ឬប្លុកមួយណាឡើយ ហើយក៏បង្កភាពងាយស្រួលដល់កម្ពុជា ក្នុងការរក្សាទំនាក់ទំនងល្អជាមួយមហាអំណាច រដ្ឋកណ្តាល និងតូចៗផ្សេងៗទៀត»។
បើតាមអ្នកវិភាគ កម្ពុជាគួរបន្តប្រកាន់ខ្ជាប់នូវនយោបាយការបរទេសទន់ភ្លន់តែមិនទន់ជ្រាយ ហើយត្រូវបត់បែនតែមិនលក់អធិបតេយ្យ និងឯករាជ្យជាតិ។ លើសពីនេះ ត្រូវរក្សានូវគោលការណ៍គ្រឹះនៃសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។
កម្ពុជាមិនត្រូវជ្រើសរើសយកប្រទេសណាមួយមកជំនួសឱ្យប្រទេសណាមួយនោះទេ ពោលគឺកម្ពុជាត្រូវការនូវពិពិធភាពទីផ្សារ និងការទូតក្នុងតំបន់ និងសកលលោក ដើម្បីសន្តិភាព ស្ថិរភាព មិត្តភាព វិបុលភាព និងការអភិវឌ្ឍន៍ជានិរន្ដ៕

