សហរដ្ឋអាមេរិក ដែលត្រូវបានចូលរួមដោយក្រុមអ្នកសម្របសម្រួលអារ៉ាប់ បានប្រឹងប្រែងកាលពីថ្ងៃពុធ ១៨ធ្នូ ដើម្បីបញ្ចុះបញ្ចូលអ៊ីស្រាអែល និងក្រុមហាម៉ាសឲ្យបញ្ឈប់ភ្លើងសង្រ្គាមរយៈពេល ១៤ ខែនៅតំបន់ហ្កាហ្សាស្ទ្រីប ជាទីដែលក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារទាំងយប់របស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២០ នាក់ ។

មន្ត្រីប៉ាឡេស្ទីនម្នាក់ដែលបានដឹងពីការចរចានោះ បាននិយាយកាលពីថ្ងៃពុធថា ក្រុមអ្នកសម្របសម្រួលបានបង្រួមគម្លាតនៅក្នុងផ្នែកជាច្រើននៃកិច្ចព្រមព្រៀង។ មន្ត្រីខាងលើបាននិយាយថា អ៊ីស្រាអែលបានដាក់ចេញលក្ខខណ្ឌ ដែលក្រុមហាម៉ាសបានបដិសេធ ប៉ុន្តែពុំបានបញ្ជាក់លម្អិតនោះទេ។

នៅដើមសប្ដាហ៍នេះទាំងក្រុមហាម៉ាស និងអ៊ីស្រាអែល សុទ្ធតែអះអាងថាកិច្ចព្រមព្រៀងបទឈប់បាញ់ជិតបានសម្រេច។
កាលពីថ្ងៃអង្គារ ប្រភពដឹកពីការកិច្ចចរចានៅរដ្ឋធានីគែរ(Cairo)របស់ប្រទេសអេហ្ស៊ីប បាននិយាយថា កិច្ចព្រមព្រៀងមួយអាចត្រូវចុះហត្ថលេខានៅប៉ុន្មានថ្ងៃខាងមុខ ស្តីពីបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្កាហ្សាជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនដែលកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។

ក្រុមវេជ្ជបណ្ឌិតបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់នៅក្នុងផ្ទះមួយ នៅភាគខាងជើងទីក្រុងបេត ឡាហ៊ីយ៉ា (Beit Lahiya) ខណៈ មនុស្ស៦នាក់ទៀត ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុង ហ្កាហ្សា ជំរំ នូសេរ៉ាត់ តំបន់ភាគកណ្តាល និងក្រុងរ៉ាហ្វានៅជិតព្រំដែនជាប់ប្រទេសអេហ្ស៊ីប។
ប៉ាឡេស្ទីនចោទអ៊ីស្រាអែលថាបានអនុវត្តសកម្មភាពបោសសម្អាតជាតិសាសន៍ ដើម្បីដកប្រជាជននៅជាយភាគខាងជើងនៃតំបន់រងការឡោមព័ទ្ធមួយនេះ ដើម្បីបង្កើតជាតំបន់ទ្រនាប់ តែអ៊ីស្រាអែលបដិសេធ៕