មនុស្សរាប់ម៉ឺននាក់នៅតែមិនអាចទទួលបានទឹកប្រើប្រាស់ និងទទួលទាន នៅក្នុងកោះម៉ាយ៉ត់ (Mayotte)បន្ទាប់ពីដែនដីនៃមហាសមុទ្រឥណ្ឌាក្រោមការគ្រប់គ្រងរបស់បារាំងមួយនេះ ត្រូវបានបំផ្លិចបំផ្លាញដោយសារព្យុះស៊ីក្លូន ឈីដូ (Chido) ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន។

តួលេខបឋមពីក្រសួងមហាផ្ទៃបារាំងរាយការណ៍ឲ្យដឹងថាមនុស្ស ៣១នាក់បានស្លាប់ ប៉ុន្តែអភិបាលក្រុង របស់កោះនេះ បានព្រមានថាចំនួនអ្នកស្លាប់អាចកើនឡើងដល់រាប់ពាន់នាក់។

បុគ្គលិកសុខាភិបាលមានការព្រួយបារម្ភថា ជំងឺឆ្លងអាចរាតត្បាត ស្របពេលអ្នកស្រុកបានរាយការណ៍ពីកង្វះខាតទឹកស្អាត ទោះបីជាជំនួយបានទៅដល់ជាបន្តបន្ទាប់ក៏ដោយ។
កាលពីថ្ងៃពុធសប្ដាហ៍នេះ ក្រុមអាជ្ញាធរបាននិយាយថា ប្រព័ន្ធទឹកត្រូវបានតភ្ជាប់ឡើងឡើងវិញដោយផ្នែក ខណៈកោះនេះចាប់ផ្ដើមដំណើរការសម្អាត បន្ទាប់ពីព្យុះស៊ីក្លូនដ៏មហន្តរាយនេះ ហើយចំនួនអ្នកស្លាប់សរុបនៅមិនទាន់ដឹងនៅឡើយ។

អ្នកកោះនេះ បានចំណាយពេលមួយយប់ដំបូងក្រោមបម្រាមគោចរនៅចន្លោះម៉ោង ២២ ម៉ោងក្នុងស្រុកកាលពីថ្ងៃអង្គារ និងម៉ោង ៤:០០ កាលពីថ្ងៃពុធ ជាផ្នែកនៃវិធានការដើម្បីទប់ស្កាត់អំពើលួចប្លន់៕