ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្ម ដើម្បីលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនភាព ដើម្បីរួមចំណែកដល់ការបង្កើតឱកាសការងារក្នុងស្រុក ការលើកកម្ពស់ផលិតភាព បង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងសកល។
ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តី ព្រាងប្រកាស ស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តកម្មអនុគ្រោះ នៅថ្ងៃទី១៨ ខែ ធ្នូ ម្សិលមិញនេះថា គោលបំណងនៃការៀបចំសិក្ខា សាលានាពេលនេះ គឺដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមទៀត សម្រាប់ឱ្យការរៀបចំសេចក្តីព្រាងប្រកាស ស្តីពីលទ្ធកម្ម តាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ កាន់តែមានសុក្រឹតភាព មានភាពគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ជាមួយលិខិតបទដ្ឋាន គតិយុត្តជាធរមានដទៃទៀត ព្រមទាំងអាចផ្តល់នូវលទ្ធផលវិជ្ជមាន ចំពោះសេដ្ឋកិច្ចជាតិ ក៏ដូចជាសម្រាប់វិស័យឯកជននៅក្នុងប្រទេស។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា កន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបង្កើតថ្មី កែសម្រួល និងបំពេញបន្ថែម នូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងលទ្ធកម្មសាធារណៈ សម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ឆ្នាំ២០២៣ ព្រម ទាំងបានដាក់ឱ្យអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តទាំងនេះជាបន្តបន្ទាប់។ ដើម្បីបន្តគាំទ្រដល់ការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្ម តាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ ក្នុងគោលបំណង ដើម្បីលើកស្ទួយសហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព ដែលរួមចំណែកដល់ការបង្កើតឱកាសការងារ ក្នុងស្រុក ការលើកកម្ពស់ផលិតភាព ការបង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុង ទីផ្សារតំបន់និងសកល ជាពិសេសរួមចំណែកអភិវឌ្ឍវិស័យឯកជន និងការងារដែលជារបៀបវារៈគោលនយោបាយសំខាន់ សម្រាប់ជំរុញ កំណើន នៅក្នុងបរិការណ៍នៃដំណើរការបរិវត្តកម្មសង្គម-សេដ្ឋកិច្ចកម្ពុជា។
ចំណែក, ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ លើក ឡើងឱ្យដឹងផងដែរថា ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គឺមានគោលបំណងដើម្បីធានាបាននូវភាពជឿទុកចិត្ត តម្លាភាពប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាម ឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជានិយ័តករ និងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ចំណែកក្រសួង-ស្ថាប័ន នឹងត្រូវបានផ្តល់សិទ្ធិអំណាច និងការទទួលខុសត្រូវ ជាមួយនឹងគណនេយ្យភាពពេញលេញ ក្នុងការអនុវត្តកិច្ច លទ្ធកម្មរបស់ខ្លួន។ ច្បាប់ស្តីពីលទ្ធកម្មសាធារណៈបានកំណត់នូវគោលការណ៍សំខាន់ៗជាច្រើន ដែលក្នុងនោះក៏មានការផ្តល់ប្រព្រឹត្តិកម្ម អនុគ្រោះ ចំពោះផលិតផលក្នុងស្រុក និងអ្នកដេញថ្លៃក្នុងស្រុកផងដែរ។
ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ និងអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ក្នុងនាមជាសេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសេចក្តី ព្រាងប្រកាសស្តីពីលទ្ធកម្ម តាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ។ ប្រកាសនេះមានកំណត់អំពីលក្ខខណ្ឌ និងនីតិវិធីវាយតម្លៃ សម្រាប់ការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះចំពោះផលិតផលក្នុងស្រុក និងអ្នកដេញថ្លៃក្នុងស្រុក ក្នុងគោលបំណងដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងពង្រីក វិស័យឧស្សាហកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស ឬរូបវន្តបុគ្គលក្នុងស្រុកឱ្យចូលរួមដេញថ្លៃ ដើម្បីផ្គត់ផ្គង់ទំនិញ អនុវត្តការងារសំណង់ ផ្តល់សេវាកម្ម ឬផ្តល់សេវាទីប្រឹក្សា ជូនស្ថាប័នអនុវត្តលទ្ធកម្ម៕ អត្ថបទ៖ សុន រ៉ាឌី





