ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និងបណ្ដាមេដឹកនាំអឺរ៉ុបផ្សេងទៀត កាលពីថ្ងៃពុធ (១៨ ធ្នូ) ក្នុងគោលបំណងទទួលបានជំនួយភ្លាមៗដើម្បីជំរុញកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងគីវ និងស្វះស្វែងរកការធានាសន្តិសុខរយៈពេលវែងរបស់ខ្លួន។

លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាកាលពីថ្ងៃពុធនៅទីក្រុងព្រុចសែល និងការពិភាក្សាជាមួយមេដឹកនាំប្រជាជាតិទាំង២៧ របស់សហភាពអឺរ៉ុបនៅថ្ងៃបន្ទាប់ គឺជាឱកាសដ៏ល្អក្នុងការនិយាយអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន "នៅថ្ងៃនេះ និងថ្ងៃស្អែក"។

ខណៈពេលដែលមេដឹកនាំអឺរ៉ុប ទទូចថាពួកគេកំពុងផ្តោតលើតម្រូវការបន្ទាន់ភ្លាមៗរបស់អ៊ុយក្រែន ក្រុមមន្ត្រីមួយចំនួនបានចាប់ផ្តើមពិភាក្សាអំពីមធ្យោបាយធានាសន្តិសុខរបស់ទីក្រុងគីវបន្ទាប់ពីសង្គ្រាមបញ្ចប់ រួមទាំងលទ្ធភាពនៃការដាក់ពង្រាយទាហានអឺរ៉ុបផងដែរ។

កិច្ចពិភាក្សាកាលពីថ្ងៃពុធនោះ បានធ្វើឡើងក្នុងពេលដែលអ៊ុយក្រែន ស្ថិតក្នុងជំហរការពារនៅសមរភូមិ និងភាពមិនច្បាស់លាស់លើការគាំទ្ររបស់សហរដ្ឋអាមេរិកនាពេលអនាគត ខណៈលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ជំរុញឱ្យបញ្ចប់សង្រ្គាមឆាប់រហ័ស និងបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់៕