គិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% ក្នុងនោះការនាំចេញសម្រេចបានទឹកប្រាក់ចំនួន ២៤,៣៤ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៤,៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦,១០ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៧,៤៨% ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មុខទំនិញសំខាន់ៗរបស់កម្ពុជាលើការនាំចេញ រួមមាន សម្លៀកបំពាក់ ៨,៩៤ប៊ីលានដុល្លារ កើនឡើង ២៥,៨៤% , សម្ភារធ្វើដំណើរ ១,៧៨ប៊ីលានដុល្លារ កើនឡើង ២១,៥០% , ស្បែកជើង ១,៥០ប៊ីលានដុល្លារ កើនឡើង ២៤,៣០% និងស្រូវ ១,៥០លានដុល្លារ កើនឡើង ១៦,៤២% និងផលិតផលផ្សេងៗទៀត ដូចជា គ្រឿងអេឡិចត្រូនិក សំកកង់រថយន្ត បន្ទះសូឡា ដំឡូងមី អង្ករ ជ័រកៅស៊ូ និងក្តារកុងប្លាកេជាដើម។ ដោយឡែក ការនាំចូលមកកាន់កម្ពុជា រួមមាន វាយនភ័ណ្ឌ សម្ភារសំណង់ រថយន្ត ប្រេងសាំង គ្រឿងឧបភោគ បរិភោគ អគ្គិសនី និងគ្រឿងក្រអូប ឬគ្រឿងសម្អាង។ល។

នៅក្នុងពិធីបើកអង្គសន្និបាតនេះ លោកជំទាវរដ្ឋមន្រ្តី ចម និម្មល មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការបន្តពង្រឹងគុណភាពធនធានមនុស្សលើវិស័យពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន , ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាព នៃការផ្តល់សេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយបានកាត់បន្ថយទាំងការចំណាយ និងពេលវេលា , ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស ការអភិវឌ្ឍទីផ្សារ និងអភិវឌ្ឍវិស័យឯកជន និងការបន្តកសាង និងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះបានបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគ ក៏ដូចជាពង្រឹងភាពប្រកួតប្រជែង នៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានផ្តល់ឱកាសដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន និងអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម រាយការណ៍អំពីសកម្មភាពការងារ បញ្ហាប្រឈម ក៏ដូចជាលើកអនុសាសន៍នានា ដាក់ជូនអង្គសន្និបាតធ្វើការពិភាក្សាគ្នាដើម្បីចូលរួមដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកាន់តែរីកចម្រើនទៅមុខបន្តទៀត៕ អត្ថបទ ឈិត បូរ៉ាវី

