ឧបទ្ទវហេតុរត់ជាន់គ្នានៅក្នុងពិធីសាសនាមួយក្នុងទីក្រុង អ៊ីបាដាន (Ibadan) រដ្ឋធានីនៃរដ្ឋ អូយ៉ូ (Oyo) ភាគនិរតីប្រទេសនីហ៊្សេរីយ៉ា បានបណ្តាលឱ្យមនុស្សស្លាប់ និងរបួស "ជាច្រើននាក់" នេះបើតាមលោកអភិបាលក្រុង សេយី ម៉ាគីនដេ (Seyi Makinde) បានលើកឡើងកាលពីថ្ងៃពុធ (១៨ ធ្នូ)។

ហេតុការណ៍នេះបានកើតឡើងនៅវិទ្យាល័យអ៊ិស្លាមមួយកន្លែង ដែលមានហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នាសម្រាប់ព្រឹត្តិការណ៍សាសនាបែបគ្រួសារមួយ។ លោក Makinde បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្ដាញសង្គម X ថា "ខណៈពេលដែលការស៊ើបអង្កេតកំពុងបន្ត អ្នករៀបចំសំខាន់ៗនៃព្រឹត្តិការណ៍ដែលនាំឱ្យមានការរត់ជាន់គ្នានេះ ត្រូវបានចាប់ខ្លួន"។

គេមិនទាន់អាចកំណត់បានភ្លាមៗទេថា តើមានមនុស្សប៉ុន្មាននាក់បានស្លាប់ ឬមូលហេតុអ្វីដែលបណ្ដាលោ្យមានបទ្ទវហេតុនេះ។ លោក Makinde និយាយថា សេវាសង្គ្រោះបន្ទាន់ រួមទាំងបុគ្គលិកពេទ្យ និងរថយន្តគិលានសង្គ្រោះ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់កន្លែងកើតហេតុ។
លោកបន្ថែមថា កម្លាំងសន្តិសុខក៏ត្រូវបានដាក់ពង្រាយដើម្បីគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ការស្លាប់ និងរបួសបន្ថែមទៀតផងដែរ ហើយពិធីសាសនានោះត្រូវបានផ្អាក ខណៈអ្នកចូលរួមដែលនៅសល់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព៕