ជនអន្តោប្រវេសន៍ និងសកម្មជនរាប់សិបនាក់ បានចេញធ្វើបាតុកម្មនៅទីក្រុង Tijuana ភាគខាងជើងប្រទេសម៉ិកស៊ិក នៅព្រំដែនសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១៨ ខែធ្នូ ក្នុងទិវាជនអន្តោប្រវេសន៍អន្តរជាតិ។

សកម្មជនម្នាក់បាននិយាយថា ថ្ងៃនេះគឺជាថ្ងៃរំលឹក ពុំមែនជាថ្ងៃអបអរសារទរនោះទេ ដោយបង្ហាញពីតម្រូវការសម្រាប់រដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Donald Trump ដែលនឹងមានភាពរសើបជាងមុនចំពោះស្ថានភាពជនអន្តោប្រវេសន៍។

ព្រឹត្តិការណ៍នេះ បានបង្ហាញពីបញ្ហាប្រឈមនានាដែលជនអន្តោប្រវេសន៍ជួបប្រទះ ខណៈកំពុងស្វែងរកឱកាសកាន់តែប្រសើរ ក្នុងពេលពួកគេគេចចេញពីអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច នៅក្នុងប្រទេសកំណើតរបស់ខ្លួន។
ជនអន្តោប្រវេសន៍ និងសកម្មជនគាំទ្រការធ្វើអន្តោប្រវេសន៍ បានកាន់ផ្ទាំងរូបភាពដែលមានអំណានថា «ស្វាគមន៍ជនអន្តោប្រវេសន៍» ដែលមានគំនូររូបភាពម្តាយជនអន្តោប្រវេសន៍កំពុងដឹកកូនរបស់គាត់ ។
សកម្មជន បាននិយាយថា អង្គការមិនមែនរដ្ឋាភិបាល មានការព្រួយបារម្ភចំពោះអនាគតមិនច្បាស់លាស់ ដែលប្រឈមមុខទាំងជនអន្តោប្រវេសន៍ និងអ្នកគាំទ្រជនអន្តោប្រវេសន៍ ដោយកំពុងពឹងផ្អែកលើគោលនយោបាយរបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកដែលនឹងចូលកាន់តំណែងនៅពេលខាងមុខ លោក Donald Trump មានផែនការបញ្ចប់កម្មវិធីចូលសហរដ្ឋអាមេរិក ដែលបានបង្កើតឡើងដោយរដ្ឋបាលរបស់លោក Joe Biden ។
ទាំងនេះ រួមមានកម្មវិធីសម្រាប់ជនអន្តោប្រវេសន៍ដោយមានអ្នកជួយគាំទ្រនៅសហរដ្ឋអាមេរិក និងកម្មវិធីមួយផ្សេងទៀតដែលអនុញ្ញាតឱ្យជនអន្តោប្រវេសន៍នៅប្រទេសម៉ិកស៊ិក ប្រើប្រាស់កម្មវិធីសម្រាប់ការឆ្លងកាត់ព្រំដែនដោយស្របច្បាប់។