ប្រមុខក្រុមចម្រុះជាតិស៊ីរី កាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានរដ្ឋាភិបាលអន្តរកាលមួយប្រកបដោយប្រសិទ្ធិភាពសម្រាប់ប្រទេសស៊ីរី។

លោក Hadi al-Bahra ដឹកនាំក្រុមចម្រុះ ដែលប្រមូលផ្តុំក្រុមគូប្រជែងរបស់លោក Bashar al-Assad ក្នុងអំឡុងសង្គ្រាមស៊ីវិល បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រទេសទួរគី។

លោកបាននិយាយថា រដ្ឋាភិបាល ពុំគួរដកចេញគណបក្សស៊ីរី ណាមួយ ឬផ្អែកលើនិកាយនិយមនោះទេ។ «ដូច្នេះ ខ្ញុំសូមអំពាវនាវឱ្យអ្នកទាំងអស់គ្នា គាំទ្ររដ្ឋាភិបាលចាំផ្ទះបច្ចុប្បន្ននៅក្នុងប្រទេសស៊ីរី ដែលត្រូវបានសន្មត់ថានឹងបញ្ចប់ភារកិច្ចរបស់ខ្លួននៅដើមខែមីនា។ ក្រោយមក បន្ទាប់ពីខែមីនា រដ្ឋាភិបាលអន្តរកាលមួយនឹងត្រូវបានបង្កើតឡើង»។
ក្នុងគ្រាមានភាពរង្គោះរង្គើរនៅតំបន់មជ្ឈិមបូព៌ា ក្រុមឧទ្ទាមស៊ីរី បានដណ្តើមចូលកាន់កាប់ទីក្រុងដាម៉ាស កាលពីថ្ងៃទី៨ ខែធ្នូ ដោយបង្ខំឱ្យលោក Assad ភៀសខ្លួនចេញបន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេលជាង១៣ ឆ្នាំ។
ការវាយលុកលឿនដូចផ្លេកបន្ទោរ បានចោទជាសំណួរជាច្រើនថាតើក្រុមឧទ្ទាម នឹងអាចធានាបាន នូវការផ្លាស់ប្តូរប្រកបដោយសណ្តាប់ធ្នាប់ ដែរឬយ៉ាងណា។
លោក Al-Bahra បាននិយាយថា ក្រុមរបស់លោក ពុំបានជួបមេដឹកនាំឧទ្ទាម លោក Ahmed al-Sharaa ដែលត្រូវបានគេស្គាល់ថា Abu Mohammed al-Golani នោះទេ។ ប៉ុន្តែលោក បាននិយាយថា ពួកគេមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចាំផ្ទះ និងភាគីជិតស្និទ្ធជាមួយលោក al-Sharaa។ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរី បានគាំទ្រការអំពាវនាវឱ្យមានការគ្រប់គ្រងរួមមួយ ខណៈលោកបានចាកចេញពីទីក្រុងដាម៉ាស កាលពីថ្ងៃពុធ។