ក្រុមឃ្លាំមើលទីជម្រក ដែលដឹកនាំដោយក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស នៅដែនដីប៉ាឡេស្ទីន បាននិយាយថា មានតែ ២៣% ប៉ុណ្ណោះនៃតម្រូវការទីជម្រកនៅតំបន់ហ្កាហ្សា ត្រូវបានបំពេញក្នុងរដូវស្លឹកឈើជ្រុះនេះ ដែលទុកឱ្យប្រជាជនប៉ាឡេស្ទីនជិត ១លាននាក់ ងាយរងគ្រោះក្នុងការប្រឈមមុខនឹងរដូវរងាដ៏អាក្រក់។

ក្រុមឃ្លាំមើលទីជម្រកនេះ បានប៉ាន់ប្រមាណក្នុងខែកញ្ញាថា រថយន្តដឹកតង់ចំនួន ២.០០០សម្រាប់ ឬរថយន្តដឹកទំនិញចំនួន ២០០គ្រឿង ត្រូវការជាបន្ទាន់ដើម្បីផ្តល់ការការពារជាមូលដ្ឋានក្នុងរដូវរងា សម្រាប់ប្រជាជនភៀសខ្លួនប៉ាឡេស្ទីនចំនួន ១,១៣លាននាក់ នៅតំបន់ហ្កាហ្សា។ គិតត្រឹមចុងខែវិច្ឆិកា មានជនភៀសខ្លួនតែ ២៨៥.០០០នាក់ប៉ុណ្ណោះ បានទទួលសម្ភារៈជម្រកចាំបាច់ ហើយមនុស្សសរុបប្រមាណ ៩៤៥.០០០នាក់ ឥឡូវនេះកំពុងត្រូវការជំនួយជម្រកជាបន្ទាន់។

ក្រុមនេះជំរុញឱ្យរដ្ឋាភិបាលម្ចាស់ជំនួយដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យអនុញ្ញាតឱ្យមានការបញ្ចូនចូលនៃសម្ភារៈការពារបញ្ហាអាកាសធាតុ និងធានាឱ្យមានសិទ្ធិចូលដំណើរការប្រកបដោយសុវត្ថិភាពសម្រាប់បុគ្គលិកមនុស្សធម៌ ដើម្បីទៅដល់ប្រជាជនប៉ាឡេស្ទីនដែលងាយរងគ្រោះនៅទូទាំងតំបន់ហ៊ុមព័ទ្ធនេះ។

ខ្យល់ព្យុះរដូវរងាមួយកាលពីចុងខែវិច្ឆិកា បានជន់លិចទីតាំងជ្រកកោនសម្រាប់ជនភៀសខ្លួន បំផ្លាញតង់ និងជម្រកបណ្តោះអាសន្ន និងបង្ខំឱ្យក្រុមគ្រួសារជាច្រើនផ្លាស់ប្តូរទីលំនៅ។ យ៉ាងហោចណាស់ទីជម្រកជម្លៀសចំនួន ១០១កន្លែងនៅតំបន់ វ៉ាឌី (Wadi) ភាគខាងត្បូងហ្កាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីនចំនួន ៤៥០.៧២០នាក់ ប្រឈមភាពងាយរងគ្រោះនឹងទឹកជំនន់៕