រដ្ឋមន្ត្រីការពារជាតិ លោក Boris Pistorius បាននិយាយកាលពីថ្ងៃពុធ ទី១៨ ខែធ្នូ ថា ប្រទេសអាល្លឺម៉ង់ អាចបង្កើនទំហំកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនដល់២៣ម៉ឺននាក់ ដែលកើនឡើងពីគោលដៅបច្ចុប្បន្ន ២សែន៣ពាន់នាក់(២០៣.០០០នាក់) ខណៈសម្ព័ន្ធយោធាណាតូ សម្លឹងមើលការបង្កើនកងកម្លាំងរបស់ខ្លួន បន្ទាប់ពីការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ ២០២២។

លោក Pistorius បានប្រាប់សភានៅទីក្រុងប៊ែរឡាំងថា «យើងមានផែនការបង្កើនចំនួនបុគ្គលិកអចិន្ត្រៃយ៍ ២០៣.០០០នាក់ ដល់ប្រមាណ ២៣០.០០០នាក់ ដោយសារគោលដៅសមត្ថភាពរបស់សម្ព័ន្ធយោធាណាតូ។

សម្ព័ន្ធយោធាណាតូ នឹងកំណត់កិច្ចព្រមព្រៀងលើគោលដៅថ្មី និងតម្រូវការកាន់តែច្រើនបន្ថែមទៀតសម្រាប់ចំនួនកងកម្លាំងសម្ព័ន្ធមិត្តនៅក្នុងឆ្នាំ២០២៥ ដោយបង្ហាញពីអ្វីដែលសម្ព័ន្ធមិត្ត មើលឃើញថាជាការធ្លាក់ចុះនៃស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន ចាប់តាំងពីការវាយប្រហារពេញលេញរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
នៅក្រោមសេណារីយ៉ូនេះ ប្រទេសអាល្លឺម៉ង់ ដែលជាធម្មតាផ្តល់ប្រហែល ១០% នៃសមត្ថភាពរបស់សម្ព័ន្ធយោធាណាតូ នឹងត្រូវការកងពលតូចបន្ថែមពី ៣ ទៅ៥ កងពល ឬកងទ័ពប្រយុទ្ធបន្ថែមចំនួន២០.០០០នាក់ ទៅ ៣០.០០០នាក់។