ប្រទេសចិន និងឥណ្ឌា មានចំណាត់ការបន្ថែមទៀតឆ្ពោះទៅរកការបន្ធូរបន្ថយជម្លោះនៅព្រំដែនដ៏រ៉ាំរ៉ៃរបស់ប្រទេសទាំងពីរកាលពីថ្ងៃពុធ ទី១៨ ខែធ្នូ ដោយក្រុមមន្ត្រីជាន់ខ្ពស់ បានបើកកិច្ចពិភាក្សាផ្លូវការលើកដំបូង ក្នុងរយៈពេល៥ ឆ្នាំ កន្លងទៅនេះ។

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសឥណ្ឌា លោក Ajit Doval បានអនុវត្តតាមកិច្ចព្រមព្រៀងដ៏សំខាន់មួយកាលពី ពីរខែមុន ស្តីពីការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា នៅតំបន់មានជម្លោះនៃព្រំដែនរបស់ប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បាននិយាយថា មន្ត្រីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការស្វែងរកកញ្ចប់នៃដំណោះស្រាយចំពោះជម្លោះ ក្នុងភាពយុត្តិធម៌ និងអាចទទួលយកបាន សម្រាប់ប្រទេសទាំងពីរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua បានរាយការណ៍ថា អនុប្រធានាធិបតីចិន លោក ហានចឹង(Han Zheng) បានប្រាប់ លោក Doval ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធថា ប្រទេសចិន និងឥណ្ឌា នឹងរក្សាសន្ទុះនៃការផ្លាស់ប្តូរក្នុងកម្រិតខ្ពស់ ។