នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimov បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោក ពុំជាប់កាតព្វកិច្ចអន្តរជាតិទាក់ទងទៅនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នោះទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមុន បានអនុម័តការផ្លាស់ប្តូរទៅជាអ្វីដែលគេហៅថា «គោលលទ្ធិនុយក្លេអ៊ែរ» ដើម្បីបន្ទាបកម្រិតនៃការការពារដោយនុយក្លេអ៊ែរ។ លោក Gerasimov បាននិយាយកាលពីថ្ងៃពុធនៅក្រសួងការពារជាតិរុស្ស៊ី ទៅកាន់ក្រុមរួមមានមន្ត្រីយោធាបរទេស ដែលមានមូលដ្ឋាននៅក្នុងទីក្រុងមូស្គូ។

លោកនិយាយថា «មូលដ្ឋានថ្មីនៃគោលនយោបាយរដ្ឋ បានធ្វើឱ្យមានការកើនឡើងយុទ្ធនាការឃោសនាដ៏សកម្មនៅលោកខាងលិច ដោយចោទប្រកាន់រុស្ស៊ីពីការពង្រឹងវោហាសាស្ត្រនុយក្លេអ៊ែរ»។ លោកបាននិយាយបន្ថែមថា អ្វីដែលគេហៅថានុយក្លេអ៊ែ «កម្រិតនៃការការពារ ពុំត្រូវបានកំណត់ដោយកាតព្វកិច្ចអន្តរជាតិណាមួយរបស់ប្រទេសយើងឡើយ ហើយត្រូវបានកំណត់ដោយតម្រូវការដើម្បីរារាំងអ្នកឈ្លានពាន និងទប់ការគំរាមកំហែង ដែលកើតចេញពីសត្រូវដ៏មានសក្ដានុពល។
លោក Gerasimov បាននិយាយថា រុស្ស៊ីនឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ឥណ្ឌា និងកូរ៉េខាងជើង ខណៈទីក្រុងមូស្គូមានជំហរជំទាស់កាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។
ទន្ទឹមនឹងនោះ អនុរដ្ឋមន្ត្រីការបរទេស លោក Sergey Ryabkov បាននិយាយថា រុស្ស៊ីក៏បានត្រៀមខ្លួន សម្រាប់ការសន្ទនាជាមួយរដ្ឋបាលចូលកាន់តំណែងនៅពេលខាងមុខរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Donald Trump។
លោក Ryabkov និយាយថា រុស្ស៊ី «ពិតជានឹងត្រូវពិចារណា» នូវសំណើណាមួយ ទាក់ទងទៅនឹងតម្រូវការដើម្បីវិលត្រឡប់ទៅរកប្រក្រតីភាព ក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។