រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធ (១៨ ធ្នូ) ថា ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump មានឱកាសដើម្បីចរចាជាមួយអ៊ីរ៉ង់ ហើយថា ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ទីក្រុងតែអេរ៉ង់ មិនមែនជារឿងបញ្ចៀសមិនបាននោះទេ។

ប្រមុខការទូតហរដ្ឋអាមេរិកដែលជិតអស់អាណត្តិរូបនេះបានទទួលស្គាល់ថា អ៊ីរ៉ង់ ប្រហែលជាកំពុងពិចារណាយ៉ាងខ្លាំងទៅលើការបង្កើតអាវុធនុយក្លេអ៊ែរ បន្ទាប់ពីមានវិបត្តិយោធានៅក្នុងតំបន់ រួមទាំងការវាយប្រហារពីអ៊ីស្រាអែល កាលពីប៉ុន្មានខែមុន។
ប៉ុន្តែលោក Blinken ក៏បានសង្កត់ធ្ងន់នៅឯក្រុមប្រឹក្សាទំនាក់ទំនងបរទេសក្នុងទីក្រុងញូវយ៉ក ថា "ដោយសារតែពួកគេបាត់បង់ខ្សែការពារខុសៗគ្នាជាច្រើន ប្រាកដណាស់ថានឹងមានការពិចារណាបន្ថែមទៀតពីរឿងនោះ។ អ៊ីរ៉ង់ បានដឹងពីផលវិបាកនៃការមានអាវុធនុយក្លេអ៊ែរ ដូច្នេះហើយយើងគិតថាមានលទ្ធភាពខ្ពស់នៃការចរចា" ដោយសំដៅទៅក្នុងពេលរដ្ឋាបាលថ្មីរបស់លោក Trump។

អ៊ីរ៉ង់ បដិសេធថាខ្លួនមិនកំពុងផលិតអាវុធនុយក្លេអ៊ែរទេ ដោយនិយាយថា សកម្មភាពនុយក្លេអ៊ែរនានារបស់ខ្លួនគឺដើម្បីគោលបំណងសន្តិភាពប៉ុណ្ណោះ។ គួររម្លឹកថា នៅក្នុងអាណត្តិដំបូងរបស់ខ្លួន លោក Trump បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយទីក្រុងតេអេរ៉ង់ ដែលត្រូវបានចរចាក្រោមការដឹកនាំរបស់លោកអតីតប្រធានាធិបតី Barack Obama ហើយបន្ទាប់មកបានដាក់ទណ្ឌកម្មយ៉ាងច្រើនលើអ៊ីរ៉ង់៕
