ទីភ្នាក់ងារជំនួយបាននិយាយថា ហានិភ័យបានកើនឡើងខ្លាំងលើប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសវ៉ានូអាទូ ក្នុងការទប់ទល់កំណើនអ្នកជំងឺដែលបង្កឡើងដោយទឹក ស្របពេលកង្វះទឹកស្អាត និងការខូចខាតលើបណ្ដាញសេវាទូរគមនាគមន៍ ធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះមានភាពស្មុគស្មាញ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័រ កាលពីថ្ងៃអង្គារ និងរញ្ជួយលើកទីពីរនៅថ្ងៃពុធ។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ កំពុងបន្តនៅថ្ងៃព្រហស្បតិ៍ (១៩ ធ្នូ) នេះ នៅជុំវិញអគារផ្ទះល្វែងក្នុងទីក្រុង ព័រ វីឡា (Port Vila) បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារនៅរសៀលថ្ងៃអង្គារ ដោយក្រុមសង្រ្គោះរាប់សិបនាក់កំពុងធ្វើការក្នុងគំនរបាក់បែក និងអាកាសធាតុក្ដៅ ដើម្បីស្វែងរកអ្នកនៅរស់។

ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បាននិយាយនៅព្រឹកថ្ងៃពុធថា អ្នកស្លាប់ចំនួន ១៤នាក់ ត្រូវបានបញ្ជាក់ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកបាននិយាយថាអ្នកស្លាប់ ៩នាក់ ត្រូវបានផ្ទៀងផ្ទាត់ដោយមន្ទីរពេទ្យ។ អ្នកនាំពាក្យម្នាក់និយាយថា តួលេខនេះអាចនឹងកើនឡើង ដោយសារតែមនុស្សជាច្រើននៅតែជាប់ក្នុងអគារដួលរលំ ហើយមនុស្សប្រហែល ២០០នាក់ បានរងរបួស។

ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា ភាគច្រើននៃប្រទេសប្រជុំកោះ វ៉ានូអាទូ នៅតែពុំមានទឹកប្រើប្រាស់ បន្ទាប់ពីអាងស្តុកទឹកធំពីរដែលបម្រើដល់រដ្ឋធានីព័រវីឡា ត្រូវបានបំផ្លាញទាំងស្រុងដោយការរញ្ជួយដី៕