ម៉ូតូទឹក៖ កីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងជុំទី១ នៃការប្រកួតកីឡាម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 នៅប្រទេសថៃកាលពីចុងសប្ដាហ៍កន្លងទៅ។ ម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ២០២១៨ រូបនេះបានឲ្យដឹងថា ព្រឹត្តិការណ៍នេះបែងចែងការប្រកួតជា ៤ជុំដោយជុំទី១ បានប្រកួតកាលពីថ្ងៃទី៣០-៣១ ខែតុលាចុងសប្ដាហ៍កន្លងទៅដោយមានកីឡាករ ៥ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះថៃ អាមេរិក អាល្លឺម៉ង់ ឡាវ និងកម្ពុជា។ ចំពោះកីឡាករកម្ពុជាមាន ៥នាក់ដែលប្រកួតលើ ៣វិញ្ញាសាផ្សេងគ្នា។

ប៉ុន្ដែក្នុងចំណោមកីឡាករកម្ពុជាទាំង ៥រូបមានតែ សាលី អ៊ូមើត ម្នាក់ប៉ុណ្ណោះដែលដណ្ដើមបានចំណាត់ថ្នាក់លេខ១ ខណៈ ៤នាក់ទៀតទទួលបានលេខ៦ និងលេខ៧ បន្ទាប់ពីមានកីឡាករខ្លះជួបបញ្ហាប៉ះទង្គិចគ្នាជាមួយគូប្រជែងក្នុងទីលានប្រកួត។ យ៉ាងណាមិញ អ៊ូមើត បានបង្ហាញសុទិដ្ឋិនិយមចំពោះលទ្ធផលនេះគឺជាសញ្ញាណវិជ្ជមានមួយ សម្រាប់ក្រុមម៉ូតូទឹកកម្ពុជាក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ។ គួរបញ្ជាក់ថា ចំពោះបេក្ខភាពកីឡាករម៉ូតូទឹកកម្ពុជាដែលបានចូលរួមព្រឹត្តិការណ៍ Jet Ski Pro Tour 2021 រួមមានកីឡាករ សាលី អ៊ូមើត និង ម៉ីន មូស្តាន ប្រកួតវិញ្ញាសា Pro Am Ski Modified តែ មូស្ដាន ទទួលបានលេខ៦។ រីឯកីឡាករ ម៉ីន អូស្មាន និង កៃ វ៉ាន់ស៊ីនដែន ប្រកួតវិញ្ញាសា Novice Ski ជាមួយគ្នាទទួលបានលេខ៦ និងលេខ៧។ រីឯកីឡាករ សាលី ហ្វីលីន ប្រកួតវិញ្ញាសា Novice Runabout 1100 Stock ទទួលបានលេខ៦។

ចំពោះការប្រកួតជុំទី២ នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់អន្ដរជាតិនេះគ្រោងធ្វើឡើងនាថ្ងៃទី២០-២១ ខែវិច្ឆិកាខាងមុខ ដោយ សាលី អ៊ូមើត និងសិស្សប្អូន ៤រូបផ្សេងទៀតបានដាក់គោលដៅខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមពាន និងលទ្ធផលល្អជូនជាតិ ពិសេសគឺដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពជាមួយកីឡាករក្នុងតំបន់ត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង៕
អត្ថបទ៖ លី ឈុនឡា