ក្រុមប្រឹក្សាគ្រប់គ្រងរបស់ប្រធានាធិបតីនៃប្រទេសយេម៉ែនកាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានការគាំទ្រពីអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនិងមនុស្សធម៌ នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់យេម៉ែនបានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ចេញដោយក្រុមប្រឹក្សា បន្ទាប់ពីកិច្ចប្រជុំថា ក្រុមប្រឹក្សានេះ បានកោះប្រជុំ ដើម្បីវាយតម្លៃស្ថានភាពកាន់តែយ៉ាប់យ៉ឺនរបស់ប្រទេសយេម៉ែន ក្នុងអំឡុងពេល ដែលខ្លួនបានចោទប្រកាន់ក្រុមហ៊ួទី ជុំវិញការវាយលុកលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសយេម៉ែន ចាប់តាំងពីឆ្នាំ ២០២២ ពីបទធ្វើឲ្យប៉ះពាល់ដល់ការនាំចេញប្រេងរបស់ប្រទេសនេះ ដោយដកហូតប្រាក់ចំណូលប្រហែល ៧០ភាគរយនៃប្រាក់ចំណូលរបស់ខ្លួន។

ដោយកោតសរសើរចំពោះការគាំទ្រដ៏ជាប់លាប់របស់សហគមន៍អន្តរជាតិសម្រាប់រដ្ឋាភិបាល និងប្រជាជនយេម៉ែន ក្រុមប្រឹក្សាគ្រប់គ្រងនេះ បាននិយាយថា ខ្លួនទន្ទឹងរង់ចាំការគាំទ្រជាបន្ទាន់ពីអន្តរជាតិ ដើម្បីអនុវត្តផែនការសង្គ្រោះសេដ្ឋកិច្ច និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធគ្នាបង្កឡើងដោយក្រុមហួទី ដែលកំពុងបន្ត។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ផែនការសង្គ្រោះសេដ្ឋកិច្ច គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដែលបង្កើតឡើង ដើម្បីកាត់បន្ថយឱនភាពថវិកាជាតិ គ្រប់គ្រងការប្រែប្រួលតម្លៃ និងដោះស្រាយស្ថានការណ៍មនុស្សធម៌ ដែលកាន់តែអាក្រក់ឡើង នៅក្នុងប្រទេសយេម៉ែន។
ក្រុមប្រឹក្សាក៏បានសង្កត់ធ្ងន់លើ «សារៈសំខាន់នៃការស្តារឡើងវិញនូវស្ថាប័នរដ្ឋ និងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងសន្តិភាព ដោយមានការគាំទ្រពីសហគមន៍អន្តរជាតិ»។