ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសទួរគី និងលីបង់ បានយល់ព្រមធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាស៊ីរី បន្ទាប់ពីការដួលរលំរបស់លោក បាសា អាល់អាសាដ ( Bashar al-Assad)។
លោក អឺដូហ្កាន់ បានថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ណាជីប មីកាទី (Najib Mikati) ជាមួយលោកនាយករដ្ឋមន្ត្រីលីបង់ដែលកំពុងបំពេញទស្សនកិច្ចថា៖«យុគសម័យថ្មីមួយ បានចាប់ផ្តើម នៅក្នុងប្រទេសស៊ីរី។
លោកបានបន្ថែមថា៖«ស្ថិរភាពនៃប្រទេសស៊ីរី មានសារៈសំខាន់សម្រាប់ស្ថិរភាពក្នុងតំបន់» ដោយបានសង្កត់ធ្ងន់ថា ការកសាងឡើងវិញនូវប្រទេសស៊ីរីដែលហែកហួរដោយសង្រ្គាម នឹងជាអាទិភាពចម្បងសម្រាប់ប្រទេសទាំងពីរ។
លោក អឺដូហ្កាន់ បានកត់សម្គាល់ឃើញថា ការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់ មិនមែនជារឿងថ្មីទេ ហើយប្រទេសនេះ ត្រូវបានរងការវាយប្រហារស្រដៀងគ្នានេះ កាលពីប៉ុន្មានឆ្នាំមុន។
លោក បានបន្ថែមថា ប្រទេសទួរគី នឹងបន្តគាំទ្រភាគីលីបង់ប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់អ៊ីស្រាអែល ក្នុងការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់។
ចំណែកលោក មីកាទី បានថ្លែងអំណរគុណដល់លោក អឺដូហ្កាន់ សម្រាប់ការគាំទ្ររបស់ប្រទេសលោក ចំពោះប្រទេសលីបង់ អំឡុងពេលមានសង្រ្គាមជាមួយអ៊ីស្រាអែល ក្នុងប៉ុន្មានខែថ្មីៗនេះ។
លោកបានថ្កោលទោសអ៊ីស្រាអែលចំពោះការកេងយកផលចំណេញពីភាពចលាចលនយោបាយរបស់ស៊ីរី និងពង្រីកការកាន់កាប់ទឹកដីស៊ីរី ដោយគូសបញ្ជាក់ថា គួរតែដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ឈប់បញ្ហានេះ។