សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR) បានស្វាគមន៍យ៉ាងប្រុងប្រយ័ត្ន ចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសថៃ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់តំបន់ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងគោលបំណងដោះស្រាយវិបត្តិកាន់តែធ្ងន់ធ្ងរទៅៗរបស់សហភាពមីយ៉ាន់ម៉ា។
កិច្ចប្រជុំនឹងដោះស្រាយបញ្ហាសំខាន់ៗ ក្នុងណោះរួមមានសន្តិសុខព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន និងផែនការសន្តិភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលជាការស្រុះស្រួលគ្នា ៥ចំណុច។
នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ដូចជាចិន ឥណ្ឌា បង់ក្លាដែស ឡាវ និងថៃ នឹងពិភាក្សាគ្នា អំពីបញ្ហាប្រឈមនានា ទាក់ទងនឹងព្រំដែន ក្នុងនោះរួមទាំងការកើនឡើងនូវចំនួនជនភៀសខ្លួន និងឧក្រិដ្ឋកម្មឆ្លងព្រំដែនដែលបណ្តាលមកពីអស្ថិរភាពរបស់ប្រទេសមីយ៉ាន់ម៉ា។ ចំណែកសម័យប្រជុំនៅថ្ងៃសុក្រ (ទី២០ ខែធ្នូ) នឹងឃើញរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណាដល់ការធ្វើឲ្យរស់ឡើងវិញនូវមតិស្រុះស្រួលគ្នា ៥ចំណុច ជាក្របខ័ណ្ឌសន្តិភាពដែលមិនទទួលបានជោគជ័យ។
តែយ៉ាងណាក្ដី ការអញ្ជើញរបស់ប្រទេសថៃទៅកាន់លោក Than Swe ជារដ្ឋមន្ត្រីការបរទេសដែលត្រូវបានតែងតាំងដោយរបបយោធាមីយ៉ាន់ម៉ា បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំងថា បានធ្វើឲ្យរបបយោធាស្របច្បាប់។ នៅមុននេះ អាស៊ានបានដកតំណាងរបបយោធាចេញពីកិច្ចប្រជុំកម្រិតខ្ពស់ ដើម្បីជៀសវាងការធ្វើឲ្យខូចដល់ជំហររួមរបស់ប្លុក។
លោកស្រី Mercy Chriesty Barends សហប្រធាន APHR និងជាសមាជិកសភាតំណាងរាស្ត្រឥណ្ឌូនេស៊ីបានលើកឡើងថា៖ «ការដោះស្រាយវិបត្តិមីយ៉ាន់ម៉ារបស់អាស៊ាន នឹងកំណត់ភាពជឿជាក់ និងភាពពាក់ព័ន្ធរបស់ប្លុក ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ»។
គួរបញ្ជាក់ថា យោងតាមសមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា ចាប់តាំងពីសហភាពមីយ៉ាន់ម៉ាមានរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ប្រទេសនេះបានធ្លាក់ចូលទៅក្នុងភាពវឹកវរ ដោយជនស៊ីវិលជាង ៦.០០០នាក់ ត្រូវបានសម្លាប់ និងជាង ២លាននាក់ បានភៀសខ្លួន៕