នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានអំពាវនាវឲ្យមានវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ដោយនិយាយថា ឧប្បត្តិហេតុនៃការជួញដូរមនុស្សពាក់ព័ន្ធនឹងពលរដ្ឋប៉ាគីស្ថាន នាំឲ្យមានការបង្ខូចកេរ្តិ៍ឈ្មោះដល់ប្រទេសនេះ។
ខណៈពេលដែលធ្វើជាប្រធានកិច្ចប្រជុំកម្រិតខ្ពស់ ដើម្បីពិភាក្សាអំពីការស្លាប់របស់ជនជាតិប៉ាគីស្ថាននាពេលថ្មីៗនេះ នៅក្នុងឧបទ្ទវហេតុលិចទូកនៅប្រទេសក្រិក កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី បាននិយាយថា វិធានការដ៏តឹងរ៉ឹង នឹងត្រូវចាត់ឡើងប្រឆាំងនឹងមនុស្សដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សស្លូតត្រង់ ទៅកាន់ប្រទេសផ្សេងទៀត។
ដោយរំលឹកថា ជនជាតិប៉ាគីស្ថានចំនួន ២៦២នាក់ បានបាត់បង់ជីវិត នៅក្នុងឧប្បត្តិហេតុមួយផ្សេងទៀត នៅក្នុងតំបន់ដូចគ្នាកាលពីឆ្នាំមុននោះ លោក Sharif បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃឧប្បត្តិហេតុសោកនាដកម្មបែបនេះ។
លោកបាននិយាយថា មនុស្សចំនួន ១៧៤នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការជួញដូរមនុស្ស ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយបន្ថែមថា ការអនុវត្តភ្លាមៗនូវប្រព័ន្ធគ្រប់គ្រងព្រំដែនរួមបញ្ចូលគ្នា ដើម្បីត្រួតពិនិត្យអ្នកដំណើរអន្តរជាតិ គឺជាតម្រូវចាំបាច់នៃពេលវេលា ដើម្បីបញ្ឈប់ការជួញដូរមនុស្ស។