អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova កាលពីថ្ងៃពុធ (ទី១៩ ខែធ្នូ) ប្រទេសរុស្ស៊ីនឹងការពារពលរដ្ឋ និងកងកម្លាំងរក្សាសន្តិភាព នៅក្នុងតំបន់ផ្តាច់ខ្លួន Transdniestria របស់ប្រទេសម៉ុលដាវី។
លោកស្រី Zakharova កំពុងនិយាយ ខណៈដែលសភារបស់ដែនដីបំបែកខ្លួន បានអំពាវនាវទៅកាន់ទីក្រុងមូស្គូឲ្យជួយដោះស្រាយបញ្ហារំខាននៅក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដែលទាក់ទងនឹងការផុតកំណត់នៅចុងខែធ្នូ ចំពោះកិច្ចព្រមព្រៀងអនុញ្ញាតឲ្យឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន។
លោកស្រី Zakharova បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ប្រទេសរុស្ស៊ីនឹងឆ្លើយតបយ៉ាងសមស្រប ចំពោះការបង្កហេតុណាមួយ ហើយនឹងធានាដល់ការការពារប្រជាពលរដ្ឋរបស់ខ្លួន កងកម្លាំងរក្សាសន្តិភាព បុគ្គលិកនៃក្រុមការងាររបស់កងទ័ពរុស្ស៊ី និងឃ្លាំងយោធា នៅឯកន្លែងតាំងទីលំនៅ ក្នុងភូមិ Kolbasna នៅតំបន់ Transdniestria»។
លោកស្រីបានបន្ថែមថា រាល់សកម្មភាពណាមួយដែលគំរាមកំហែងពួកគេ នឹងត្រូវបានទីក្រុងមូស្គូចាត់ទុកថា ជាការវាយប្រហារលើរុស្ស៊ី។
គួរបញ្ជាក់ថា តំបន់ផ្ដាច់ខ្លួនដែលគាំទ្ររុស្ស៊ី គឺ Transdniestria ដោយទូទៅ មានសន្តិភាពម្ដងបន្តិចៗ ជាមួយប្រទេសម៉ុលដាវី គិតចាប់តាំងពីមានសង្រ្គាមរយៈពេលខ្លី ក្រោយសម័យសូវៀត ក្នុងឆ្នាំ១៩៩២ ហើយ «កងរក្សាសន្តិភាព» របស់រុស្ស៊ីប្រហែល ១.៥០០នាក់ នៅតែស្ថិតក្នុងតំបន់នេះ។
ប៉ុន្តែបណ្ដាមេដឹកនាំគាំទ្រអឺរ៉ុបរបស់ប្រទេសម៉ុលដាវី បានចោទក្រុងមូស្គូថា បានសម្លុតកំហែងពាក់ព័ន្ធនឹងហ្គាស ដោយព្យាយាមធ្វើឲ្យមានអស្ថិរភាពដល់ការផ្គត់ផ្គង់។ ទាំងម៉ុលដាវី និងតំបន់ផ្ដាច់ខ្លួន Transdniestria បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ជុំវិញការគំរាមកំហែង ដោយការរំខានការផ្គត់ផ្គង់ហ្គាសឆ្លងកាត់អ៊ុយក្រែន៕

