ជប៉ុន៖ គណបក្សអភិរក្សនិយមកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន រក្សាអំណាចបាននៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ប៉ុន្តែក្រុមបក្សប្រឆាំងបានកើនសំឡេង ធ្វើឲ្យអំណាចរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida ចុះខ្សោយ ខណៈដែលលោកព្យាយាមនាំសេដ្ឋកិច្ចចាកចេញពីការឆ្លងរាលដាលវីរុស COVID-19។

ទូរទស្សន៍រដ្ឋ NHK បានរាយការណ៍ថា គណបក្សប្រជាធិបតេយ្យសេរីរបស់លោក Kishida និងដៃគូបក្សចម្រុះរបស់ខ្លួនគឺគណបក្ស Komeito ទាំង២ នេះទទួលបានអាសនៈចំនួន ២៧៤ គិតត្រឹមល្ងាចថ្ងៃអាទិត្យដោយមានប្រហែល ៤០អាសនៈទៀតនៅតែមិនទាន់សម្រេចនៅក្នុងសភាដែលមានអាសនៈសរុបចំនួន ៤៦៥។ គណបក្ស LDP កំពុងកាន់អំណាចក៏ទទួលបានសំឡេងភាគច្រើនម្នាក់ឯងចំនួន ២៤៧អាសនៈផងដែរ ក្នុងនោះគណបក្ស Komeito ទទួលបាន ២៧អាសនៈ នេះបើយោងតាមទូរទស្សន៍ រដ្ឋ NHK របស់ជប៉ុន។ កម្លាំងរួមបញ្ចូលគ្នានៃគណបក្សទាំង២ ទទួលបានលើសពីសំឡេងភាគច្រើននៃសភាចំនួន ២៣៣ ហើយក៏ជាសំឡេងភាគច្រើនលើសលុបនៃចំនួន ២៦១អាសនៈ ជាកម្រិតដែលអនុញ្ញាតឱ្យប្លុកកំពុងកាន់អំណាចគ្រប់គ្រងគណៈកម្មាធិការសភាទាំងអស់ និងងាយស្រួលតាក់តែងច្បាប់។
ប៉ុន្តែវាក៏បានបង្ហាញពីការបាត់បង់ផងដែរ ដែលកាលពីកន្លងទៅធ្លាប់ទទួលបានចំនួន ៣០៥អាសនៈ។ គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន ដែលជាក្រុមប្រឆាំងដ៏ធំបំផុតត្រូវបានគេរំពឹងថានឹងទទួលបានអាសនៈច្រើន បក្សនាវានុវត្តន៍ជប៉ុនដ៏ពេញនិយមដែលមូលដ្ឋានចាស់របស់ខ្លួនស្ថិតនៅភាគខាងលិចទីក្រុងអូសាកា។ លោកនាយករដ្ឋមន្ត្រីបានកាន់តួនាទីមិនដល់មួយខែផងទេ។ ពេលនេះលោកនិយាយថា អ្នកបោះឆ្នោតបានផ្តល់អាណត្តិឱ្យលោក ហើយលោកនឹងធ្វើការដើម្បីអនុវត្តតាមការសន្យាយុទ្ធនាការរបស់លោក៕
អត្ថបទ៖ សុខមាន