ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បាននិយាយថា លោកអាចនឹងលើកលែងទោសដល់អ្នកដែលបានពាក់ព័ន្ធនឹងអំពើពុករលួយ ប្រសិនបើពួកគេប្រគល់មកវិញនូវអ្វីដែលពួកគេបានយក ដោយនេះជាការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការដោះស្រាយអំពើពុករលួយ។
ដោយថ្លែងនៅចំពោះមុខនិស្សិតសាកលវិទ្យាល័យឥណ្ឌូនេស៊ីរាប់រយនាក់ នៅទីក្រុងគែរ កាលពីថ្ងៃពុធ (ទី១៨ ខែធ្នូ អំឡុងទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអេហ្ស៊ីប លោក Prabowo បាននិយាយថា លោកនឹងអនុវត្តផែនការមួយ ដើម្បីយកមកវិញនូវអ្វីដែលត្រូវបានយកទៅដោយខុសច្បាប់ នៅប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខនេះ។
លោក Prabowo បាននិយាយថា៖ «នែ! ជនពុករលួយទាំងឡាយ ឬអ្នកដែលមានអារម្មណ៍ថា អ្នកបានលួចអ្វីពីប្រជាជន ប្រសិនបើអ្នកប្រគល់ត្រលប់មកវិញនូវអ្វីដែលអ្នកយកទៅនោះ ពួកយើងអាចនឹងអត់ឱនទោសឲ្យអ្នក។ ប៉ុន្តែសូមប្រគល់វាមកវិញ»។
តែយ៉ាងណាក្ដី លោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីផែនការរបស់លោកទេ ប៉ុន្តែបានលើកឡើងថា រដ្ឋាភិបាលរបស់លោក អាចផ្តល់នូវវិធីនានាដល់អ្នកប្រព្រឹត្តខុស ដើម្បីឲ្យពួកគេប្រគល់មកវិញនូវអ្វីដែលត្រូវបានយកទៅដោយស្ងាត់ៗ។
គួរបញ្ជាក់ថា លោក Prabowo បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែតុលា ហើយបានប្តេជ្ញាថា នឹងលុបបំបាត់អំពើពុករលួយ និងដាក់ចេញនូវវិធីសាស្រ្ត «ជាក់ស្តែង« ដើម្បីទប់ស្កាត់អំពើទុច្ចរិតនោះ ដោយការដំឡើងប្រាក់ខែដល់មន្ត្រីរដ្ឋដែលត្រូវបានប្រគល់ភារកិច្ចឲ្យគ្រប់គ្រងថវិកាក្នុងចំនួនច្រើន៕

