មន្ត្រីកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែធ្នូ) នេះ បានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់ដែលជាសមាជិកនៃសេវាកម្មពិសេសទទួលបន្ទុកសន្តិសុខមេដឹកនាំ ត្រូវបានព្យួរតួនាទី និងឃុំខ្លួន ដោយសង្ស័យថា «ធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់»។
មន្ត្រី នៅអង្គភាពនេះ គឺលោក Lien Ching-tzong បាននិយាយថា បុរសដែលត្រូវបានបង្ហាញអត្តសញ្ញាណត្រឹមតែនាមត្រកូល Tsao នោះ ត្រូវបានផ្ទេរជាបណ្ដោះអាសន្តពីទីស្នាក់ការនគរបាលពិសេសទី៦ ចាប់តាំងពីថ្ងៃទី២០ ខែឧសភា នៅពេលដែលមេដឹកនាំ លោក Lai Ching-te ចូលកាន់តំណែង។
ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម លោក Lien បានប្រាប់អ្នកសារព័ត៌មានថា ជនជាប់សង្ស័យត្រូវបានឃុំខ្លួននៅថ្ងៃទី៩ ខែធ្នូ ហើយត្រូវបានព្យួរការងារ បន្ទាប់ពី «តុលាការបានរកឃើញថា ការជាប់ពាក់ព័ន្ធរបស់លោក Tsao ក្នុងការធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់ គឺធ្ងន់ធ្ងរ និងអាចជាការឃុបឃិតគ្នា»។
គួរបញ្ជាក់ថា មានករណីចារកម្មជាបន្តបន្ទាប់ នៅកោះតៃវ៉ាន់ ខណៈប្រទេសចិនបន្តដាក់សម្ពាធផ្នែកយោធា និងនយោបាយ លើទីក្រុងតៃប៉ិ ដើម្បីឲ្យទទួលយកការអះអាងអធិបតេយ្យភាពរបស់ខ្លួន។
សារព័ត៌មាន Liberty Times របស់កោះតៃវ៉ាន់ បានរាយការណ៍ថា រដ្ឋអាជ្ញានៅទីក្រុង Tainan ភាគខាងត្បូង បានសង្ស័យថា លោក Tsao មានជាប់ពាក់ព័ន្ធនឹង «ការធ្វើឲ្យបែកធ្លាយនូវព័ត៌មាននៃការធ្វើដំណើរលក្ខណៈឯកជនរបស់លោក Lai និងសន្តិសុខ ទៅកាន់មិត្តភក្តិជាច្រើននាក់»។
អ្នកនាំពាក្យរបស់លោក Lai គឺលោកស្រី Karen Kuo បាននិយាយថា អង្គភាពពាក់ព័ន្ធ នឹងសហការជាមួយនឹងការស៊ើបអង្កេតរបស់តុលាការ៕

