លោកប្រធានាធិបតី Vladimir Putin នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែធ្នូ) នេះ បានលើកឡើងថា កងកម្លាំងរុស្ស៊ីកំពុងឆ្ពោះទៅរកការសម្រេចបាននូវគោលដៅចម្បងរបស់ពួកគេ នៅសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន ហើយបានសរសើរនូវអ្វីដែលលោក បាននិយាយថា គឺជាភាពមិនអាចយកឈ្នះបានលើមីស៊ីលលឿនជាងសំឡេងថ្មីរបស់ប្រទេសរុស្ស៊ី។
ដោយតបនឹងការសាកសួរតាមទូរទស្សន៍រដ្ឋ អំឡុងការជួបជុំសួរ និងឆ្លើយសំណួរប្រចាំឆ្នាំរបស់លោកជាមួយប្រជាជនរុស្ស៊ី លោក Putin បាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូកំពុងរុលទៅមុខ នៅទូទាំងសមរភូមិទាំងមូល។ លោកបានលើកឡើងថា៖ «ខ្ញុំត្រូវតែនិយាយថា ស្ថានភាពកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង។ មានការរុលទៅមុខនៅទូទាំងសមរភូមិទាំងមូល។ ជារៀងរាល់ថ្ងៃ»។
គួរបញ្ជាក់ថា ទាំងអ្នកវិភាគយោធាលោកខាងលិច និងរុស្ស៊ី លើកឡើងថា រុស្ស៊ីកំពុងរុលទៅមុខនៅភាគខាងកើតអ៊ុយក្រែន ក្នុងល្បឿនដ៏លឿនបំផុត គិតចាប់តាំងពីឆ្នាំ២០២២ ដោយវាយដណ្ដើមកាន់កាប់ពីភូមិមួយទៅភូមិ និងគំរាមកំហែងទីក្រុងសំខាន់ៗជាយុទ្ធសាស្ត្រ ដូចជា Pokrovsk ដែលជាមជ្ឈមណ្ឌលផ្លូវថ្នល់ និងផ្លូវដែកដ៏សំខាន់៕


