បាល់ទាត់៖ ក្រុមញញួរធំ West Ham United បានបន្តខ្លួនជាបេក្ខភាព Top4 រដូវកាលនេះក្រោយយកឈ្នះនៅទឹកដី Aston Villa ៤-១ យប់មិញ។ ក្រុមរបស់លោក David Moyes បានបើកការនាំមុខតាំងពីនាទីទី៧ ដោយ Ben Johnson មុនពេលដែល Olie Watkins តាមស្មើវិញឱ្យម្ចាស់ផ្ទះ Aston Villa នៅនាទីទី៣៤។

ខ្សែបម្រើអង់គ្លេស Declan Rice ក្រោយមកក៏ស៊ុតគ្រាប់នាំមុខសារជាថ្មីឱ្យ West Ham នៅនាទីទី៣៨ មុនពេលដែលម្ចាស់ផ្ទះបាត់បង់កីឡាករម្នាក់នៅវគ្គទី២ ក្រោយ Ezri Konza ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត។ ក្រោយមកក្រុមភ្ញៀវក៏រកបានពីរគ្រាប់ទៀតនៅនាទីទី៨០ និង ៨៤ ដោយ Pablo Fonals និង Jarrod Bowen។ ជ័យជំនះនេះធ្វើឱ្យ West Ham បន្តឈរលេខ៤ មាន ២០ពិន្ទុស្មើគ្នាជាមួយ Manchester City លេខ៣ និងដាច់ក្រុមលេខ៥ Manchester United ៣ពិន្ទុ។
មួយគូទៀតយប់មិញ Leeds United យកឈ្នះនៅទឹកដី Norwich City ២-១ ដើម្បីងើបចេញពីតំបន់គ្រោះថ្នាក់។ កីឡាករប្រេស៊ីល Raphinha បើកការនាំមុខមុនឱ្យ Leeds នៅនាទីទី៥៦ តែម្ចាស់ផ្ទះ Norwich ក៏តាមស្មើវិញពីរនាទីក្រោយមក មុនពេលដែល Leeds រកបានគ្រាប់ជ័យជំនះនៅនាទីទី៦០ ដោយ Rodrigo។ បីពិន្ទុនេះធ្វើឱ្យក្រុមរបស់លោក Marcelo Bielsa ឡើងមកលេខ ១៧ ក្នុងតារាងមាន ១០ពិន្ទុឯ Norwich នៅតែរកជ័យជំនះមិនបានក្នុងរដូវកាលនេះឈរបាតតារាងមានតែ ២ពិន្ទុប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ