បើយោងតាមសេចក្ដីរាយការណ៍របស់ស្ថាប័នផ្លូវការអ៊ីរ៉ាក់ដែលទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានសន្តិសុខ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែធ្នូ) នេះ បានចាប់ផ្តើមបញ្ជូនត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ចំពោះទាហានស៊ីរីនៃអង្គភាពកងទ័ពរបស់អតីតមេដឹកនាំ លោក Bashar al-Assad ដែលត្រូវបានទម្លាក់ពីអំណាច។
បណ្តាញប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់ បានបន្ថែមថា៖ «ប្រតិបត្តិការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការសម្របសម្រួលជាមួយអាជ្ញាធរស៊ីរីដែលពាក់ព័ន្ធទាំងអស់»។
ទាហានស៊ីរីប្រហែល ២.០០០នាក់ បានភៀសខ្លួនឆ្លងព្រំដែនចូលប្រទេសអ៊ីរ៉ាក់ អំឡុងការរុលទៅមុខនៃកងកម្លាំងឧទ្ទាមដែលបានផ្តួលរំលំលោក Assad កាលពីដើមខែនេះ។ អភិបាលតំបន់ បានប្រាប់កាលពីថ្ងៃទី៧ ខែធ្នូថា កងទ័ពបានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ តាមរយៈទីក្រុងព្រំដែន Al-Qaim។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមស៊ីរីដឹកនាំដោយលោក Ahmed al-Sharaa ជាទូទៅគេស្គាល់ឈ្មោះ Abu Mohammad al-Golani ដែលដឹកនាំអតីតសម្ព័ន្ធក្រុមអាល់កៃដា គឺក្រុម Hayat Tahrir al-Sham (HTS) បានដណ្តើមយករដ្ឋធានីដាម៉ាស ដោយមិនមានការប្រឆាំងតបតអ្វីឡើយ កាលពីថ្ងៃទី៨ ខែធ្នូ បន្ទាប់ពីមានការរុលទៅមុខលឿនរហ័សដូចផ្លេកបន្ទោរ ដែលបានធ្វើឲ្យលោក Assad ត្រូវភៀសខ្លួនទៅប្រទេសរុស្ស៊ី៕


