ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន រយៈពេល ៩ខែ ដើមឆ្នាំ២០២១ សរុបការមានទំហំទឹកប្រាក់ប្រមាណជិត ៨ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ៣៨ ភាគរយ។
របាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំក្នុង២០២១ កម្ពុជា បាននាំចេញទីកាន់ទីផ្សារចិន មានទំហំទឹកប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារអាមេរិក កើនប្រមាណ៥២ ភាគរយ។
ដោយឡែក កម្ពុជានាំចូលពីប្រទេសចិន មានទំហំទឹកប្រាក់ប្រមាណជាង ៦ ៨០០ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៦ ភាគរយ។ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ សម្រេចបាន ៧ ៩០០ លានដុល្លារអាមេរិក កើនឡើង ៣៨ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២០ ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នឹងមានកំណើនងើបឡើងកាន់តែល្អថែមទៀត ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារចិនកាន់តែច្រើន ជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមាន ។
លោកឧកញ៉ា ថា កម្ពុជា អាចនឹងក្លាយទៅជាមជ្ឈមណ្ឌលចែកចាយ ឬបោះដុំទំនិញរបស់ចិន នៅក្នុងទីផ្សារអាស៊ាន ព្រោះតាមរយៈនៃកិច្ចព្រមព្រៀងនេះ ប្រភេទទំនិញជាច្រើននិងរួចពន្ធ ដែលអាចឲ្យយើងលក់តម្លៃធូរថ្លៃនៅក្នុង ទីផ្សារអាស៊ានបាន។
ទាក់ទងការធ្វើពាណិជ្ជកម្មអន្តរជាតិ, ថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ថ្លែងលើកឡើង ទីផ្សារនាំចេញផលិតផល ជាពិសេសទីផ្សារនាំចេញកសិផលរបស់កម្ពុជា បានជ្រៀតចូលអន្តរជាតិជាបណ្តើរៗ ជាក់ស្តែងការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន គឺបានកំពុងពេញនិយម និងមានការគាំទ្រយ៉ាងខ្លាំង៕
អត្ថបទ៖ សុន រ៉ាឌី


