សម្រាប់ប្រតិភូបោះជំរំយុវជនជាសកលលើកទី១០ ឆ្នាំ២០២៤ បានចុះទៅ ស្វែងយល់ពីរបៀបធ្វើនំអាកោត្នោត ធ្វើនំបញ្ចុក ពិសេសពីរបៀបធ្វើធូបបុរាណរបស់សហគមន៍ធូបបុរាណ ដែលស្ថិត នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបតែម្តង ក្នុងនេះយុវជនបានកោតសរសើជា ខ្លាំងចំពោះ ពលរដ្ឋក្នុងសហគមន៍ធូបបុរាណ ដែលនៅបន្តធ្វើធូបតាមបែបបុរាណ។

តំណាងយុវជនបោះជំរំចំនួន៣រូប បានប្រាប់ថា ពួកគេពិតជាសប្បាយរីករាយ ដែលបានចូលរួមកម្មវិធីបោះជំរំ និងបានចូលរួមឈ្វែងយល់ពីការធ្វើធូបបុរាណ ក្នុងសហគមន៍ធូបបុរាណ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ព្រោះកន្លងមក ពួកគេធ្លាប់តែទិញធូបយកទៅវត្ត ដើម្បីដុតធូបបួងសួងប្រាថ្នាសុំសុខ ចម្រើន ប៉ុន្តែមិនដែលបានដឹងពីរបៀបធ្វើធូបកន្លងមកទេ ទើបតែពេលនេះ បានធ្វើធូបដោយផ្ទាល់ដៃ និងជាធូបបុរាណទៀតផង។ ពួកគេបន្តថា នៅពេលបានធ្វើធូប ទើបដឹងថា ការដែលធ្វើធូបក៏ជារឿងលំបាកមួយដែរ ហើយពួកគេនៅតែលើកទឹកចិត្តឱ្យសហគមន៍ធូបបុរាណ និងភ្ញៀវទេសចរចូលរួមគំាទ្រធូប បុរាណមួយនេះ ឱ្យបាននៅជាប់លាប់ជាប្រចាំ ដើម្បីបន្តលើកទឹកចិត្ត និងរួមគ្នាអភិរក្ស។

ចំណែកលោកយាយ សៅ សែម ប្រជាពលរដ្ឋក្នុងសហគមន៍ធូបបុរាណ បានប្រាប់ថា រូបលោកយាយបានធ្វើធូបបុរាណនេះ តពីខ្មោចម្តាយរបស់លោកយាយបានជាង១០ឆ្នាំហើយ ដោយសារស្រឡាញ់ អាជីពមួយនេះ ហើយធូបបុរាណនេះ មានគ្រឿងផ្សំច្រើនយ៉ាង ដែលធ្វើឱ្យធូបក្រអូប នៅពេលដុត ក្នុងនេះលោកយាយចង់ឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរ ជួយគំាទ្រ និងបន្តលើកទឹកចិត្តដល់រូបគាត់ផង ដើម្បីបន្តអភិរក្សធូបបុរាណនេះតទៅមុខទៀត។
សូមបញ្ជាក់ថា មូលហេតុដែលគណៈកម្មការជំរំ នាំយុវជនឱ្យស្គាល់ពីរបៀបធ្វើនំអាកោត្នោត ធ្វើនំបញ្ចុក និងពីរបៀបធ្វើធូបបុរាណរបស់សហគមន៍ធូបបុរាណ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី គឺដើម្បីចង់ឱ្យយុវជនបានដឹងពីអ្វីដែលយុវជនបានប្រើប្រាស់ និងបានហូបចុករាល់ថ្ងៃ បានកើតឡើងដោយរបៀប ណាខ្លះ និងត្រូវចេះចូលរួមថែរក្សា និងអភិរក្ស៕អត្ថបទ៖ គង់ រ៉េន





