សម្រាប់យុវជនបោះជំរំជាសកលលើកទី១០ បាននាំគ្នាទៅហ្វឹកហាត់ក្បួនយុទ្ធវិធីទាហាន ដោយត្រូវអនុវត្តន៍ផ្ទាល់ នៅលើទីលានហ្វឹកហាត់ជាក់ស្តែងនៅ នៅសាលាពលទាហានទី៤ នៃយោធពលភូមិភាគទី៤ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ខណៈពេលកំពុងហ្វឹកហាត់ក្បួនយុទ្ធវិធីទាហាន យុវជនតំណាងជំរំចំនួន2រូប បានប្រាប់ថា កន្លងមកពួកគេធ្លាប់ឃើញតែបងៗទាហានហ្វឹកហាត់សកម្មភាពផ្សេងៗ មើលទៅហាក់មានភាពងាយស្រួលណាស់ ប៉ុន្តែនៅពេលពួកគេនាំគ្នាហ្វឹកហាត់អនុវត្តន៍ផ្ទាល់ គឺពិតជាមានការលំបាកខ្លាំងណាស់ ដូចនេះពួកគេ សូមកោតសរសើរដល់ទឹកចិត្តបងៗទាហាន ដែលបានលះបង់គ្រប់បែបយ៉ាង លះបង់ទំាងគ្រួសារ ប្រពន្ធកូន ដើម្បីមកហ្វឹកហាត់ ការពារជាតិ សាសនា ព្រះមហាក្សត្រ ពិសេសបានការពារព្រំដែនប្រទេសកម្ពុជា រហូតបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពដល់បច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា សម្រាប់យុវជនជាសកលលើកទី១០ឆ្នាំ២០២៤នេះ នឹងរៀបចំពិធីបិទជំរំជាផ្លូវការនៅរាត្រីថ្ងៃទី២០ធ្នូនេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា រួមនឹងក្រសួងស្ថាប័នអន្តរក្រសួង៕ អត្ថបទ៖ គង់ រ៉េន









