ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Antonio Costa បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ថា សហភាពអឺរ៉ុប នឹងផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែមចំនួន៣០ពាន់លានអឺរ៉ូ ដល់ប្រទេសអ៊ុយក្រែន នៅឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

លោក Costa បាននិយាយបន្ថែមថា សហភាពអឺរ៉ុបបានផ្តល់ជំនួយហិរញ្ញវត្ថុប្រហែល១៣០ពាន់លានអឺរ៉ូរួចហើយ ដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមឈ្លានពានរបស់រុស្ស៊ី នៅក្នុងឆ្នាំ២០២២។

បន្ថែមលើនេះ ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា បណ្តាមេដឹកនាំបានពិភាក្សាគ្នាអំពីស្ថានភាពសន្តិសុខដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ីរី។ លោកស្រី បាននិយាយថា «ការវិលត្រឡប់ទៅវិញរបស់ពលរដ្ឋស៊ីរីទាំងអស់» ដែលបានភៀសខ្លួនចេញពីប្រទេស «ត្រូវតែជាការស្ម័គ្រចិត្ត មានសុវត្ថិភាព និងមានភាពសមស្រប»។