រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលខាត់ស៍(Israel Katz)បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ដៃដ៏វែងរបស់អ៊ីស្រាអែល នឹងទៅឲ្យដល់ក្រុមមេដឹកនាំចលនាហ៊ួទី(Houthi)របស់ប្រទេសយេម៉ែន បន្ទាប់ពីបានបើកការវាយប្រហារតាមអាកាសទាំងយប់លើតំបន់ជាច្រើនរបស់ប្រទេសអារ៉ាប់មួយនេះ ។

ទូរទស្សន៍ Al Masirah ដែលជាទូរទស្សន៍សំខាន់គ្រប់គ្រងដោយក្រុមហ៊ួទីមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ និងកំពុងគ្រប់គ្រងភាគច្រើននៃប្រទេសនេះ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស៩ នាក់ ក្នុងនោះ៧នាក់ នៅកំពង់ផែ Salif និង ២ នាក់នៅរោងចក្រប្រេង Ras Issa ដែលទីតាំងទាំងពីរនោះ នៅភាគខាងលិចខេត្ត ហូដេដា (Hodeidah)។

ការវាយប្រហារទាំងនោះក៏បានសំដៅទៅលើស្ថានីយថាមពលកណ្តាលចំនួនពីរនៅភាគខាងត្បូង និងខាងជើងនៃរដ្ឋធានីសាណា(Sanaa)ផងដែរ។លោកខាត់ស៍ បាននិយាយនៅក្នុងសារបណ្ដាញសង្គម Xថាខ្ញុំសូមព្រមានក្រុមមេដឹកនាំនៃអង្គការភេរវករហ៊ួទី ដៃវែងរបស់អ៊ីស្រាអែលនឹងទៅឲ្យដល់អ្នក។អ្នកណាលើកដៃប្រឆាំងរដ្ឋអ៊ីស្រាអែល ដៃរបស់អ្នកនោះ នឹងត្រូវកាត់ចោល អ្នកណាប៉ះពាល់យើង អ្នកនោះនឹងរងគ្រោះទ្វេដង។ ក្រុមហ៊ួទីបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ ដែលខ្លួននិយាយថាមានគោលដៅលើអ៊ីស្រាអែល។

ក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបើកការវាយប្រហារយ៉ាងជាក់លាក់លើគោលដៅយោធាក្រុមហ៊ួទី រួមទាំងកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងរដ្ឋធានីសាណា ដោយបន្ថែមថា គោលដៅនានាដែលខ្លួនវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ត្រូវបានប្រើប្រាស់ដោយកងកម្លាំងហ៊ួទីសម្រាប់គោលបំណងយោធា។កងកម្លាំងហ៊ួទី បានបើកការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិនៅជិតប្រទេសយេម៉ែន ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ជាការបង្ហាញសាមគ្គីភាពដល់ប៉ាឡេស្ទីនក្នុងសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាសដែលនៅតែបន្តដល់សព្វថ្ងៃ៕