ប្រជាជនស៊ីរីរាប់រយនាក់ បានចេញធ្វើបាតុកម្មនៅទីលាន Umayyad កណ្តាលក្រុងដាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ដោយអំពាវនាវឱ្យមេដឹកនាំថ្មីកសាងប្រទេសស៊ីរីតាមបែបផ្លូវលោកនិយមថ្មី ដែលស្ត្រី ត្រូវបានប្រព្រឹត្តដោយស្មើភាពគ្នា។

ដោយស្រែកថា «ទេចំពោះច្បាប់សាសនា» ក្រុមបាតុករ បានលើកទង់ជាតិស៊ីរី បន្ទាប់ពីជ័យជម្នះរបស់ក្រុមអ៊ីស្លាមនិយមនិកាយស៊ុននីនៅក្នុងខែនេះ និងការផ្តួលរំលំអតីតប្រធានាធិបតី លោក Bashar al-Assad កាលពីថ្ងៃទី៨ ខែធ្នូ។

ប្រជាជនស៊ីរីជាច្រើននាក់ បានភៀសខ្លួនចេញពីប្រទេស ដោយភ័យខ្លាចការធ្វើទុក្ខបុកម្នេញ ទោះបីជាមានការធានាថា ពួកគេនឹងមានសុវត្ថិភាពពីអ្នកគ្រប់គ្រងថ្មី គឺក្រុមHayat Tahrir al-Sham (HTS) ជាក្រុមអ៊ីស្លាមនិយមនិកាយស៊ុននី ដែលបានបង្ហាញខ្លួនជាកម្លាំងដ៏លេចធ្លោនៅប្រទេសស៊ីរី ក៏ដោយ។
ស្ត្រី ព្រួយបារម្ភរដ្ឋសាសនា ដែលនឹងកំណត់សេរីភាពរបស់ពួកគេ ដូចនៅប្រទេសអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់ បានច្រានចោលការចោទប្រកាន់អំពីការរើសអើង ដែលត្រូវបានចុះបញ្ជីនៅក្នុងរបាយការណ៍ឆ្នាំ ២០២១និងឆ្នាំ២០២៣ ដោយអ្នករាយការណ៍ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីប្រទេសអ៊ីរ៉ង់ ជាអ្នកដែលបាននិយាយថា នគរបាល កងជីវពលBasij និងនគរបាលសីលធម៌ បានអនុវត្តក្រមសំលៀកបំពាក់សាធារណៈជាកំហិតដោយប្រើអំពើហិង្សា ហើយស្ត្រីត្រូវតែរុំកន្សែង បើមិនដូច្នេះទេ នឹងមានការរំខាន ដូចជាការចាប់ខ្លួន ការផាកពិន័យ និងជាប់ពន្ធនាគាររហូតដល់ពីរខែ។