សមាជិកគ្រួសាររបស់អ្នកទោសនៅពន្ធនាគារក្នុងទីក្រុង Villahermosa ភាគខាងត្បូងប្រទេសម៉ិកស៊ិក បានប៉ះទង្គិចជាមួយនគរបាលបង្ក្រាបកុបកម្ម កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ខណៈពួកគេព្យាយាមទម្លាយចូលទៅក្នុងពន្ធនាគារ ជាកន្លែងដែលសាច់ញាតិរបស់ពួកគេកំពុងត្រូវបានឃុំខ្លួន។

មានភាពចលាចល បន្ទាប់ពីមានកុបកម្មនៅក្នុងពន្ធនាគារ។ យោងតាមរដ្ឋមន្ត្រីសន្តិសុខ រដ្ឋ Tabasco លោក Victor Hugo Chavez បានឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាល បានជួបប្រទះការបាញ់កាំភ្លើង និងការបំផ្លិចបំផ្លាញ ខណៈកំពុងអនុវត្តបទបញ្ជាការផ្ទេរអ្នកទោសហិង្សាពីរនាក់។ កុបកម្មនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចពីរនាក់ស្លាប់។

ទោះជាយ៉ាងណា មានពាក្យចចាមអារ៉ាមថា អ្នកស្លាប់មានចំនួនច្រើនជាងនេះ។ គ្រួសាររបស់អ្នកទោស បាននិយាយថា ពួកគេពុំត្រូវបានផ្តល់ព័ត៌មានបន្ថែម ដែលបង្កើនការព្រួយបារម្ភ និងការភ័យខ្លាចចំពោះមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានឃុំខ្លួន។