តុលាការបារាំង កាលពីថ្ងៃព្រហស្បតិ៍ (១៩ ធ្នូ) បានរកឃើញថា លោក ដូមីនីក ប៉េលីខូត (Dominique Pelicot) វ័យ ៧២ឆ្នាំ មានទោសពីបទដាក់ថ្នាំសន្ដំម្តងហើយម្តងទៀត និងចាប់រំលោភភរិយារបស់ខ្លួនអស់ពេលជិតមួយទសវត្សរ៍មកហើយ និងបានហៅអ្នកដទៃរាប់សិបនាក់ ឱ្យរំលោភលើរាងកាយដែលសន្លប់ស្ដូកស្ដឹងរបស់ភរិយាខ្លួន នៅក្នុងសំណុំរឿងដ៏កក្រើកដែលធ្វើឱ្យពិភពលោកតក់ស្លុត។

សហចុងចោទជនជាតិបារាំងទាំង ៥០នាក់ផ្សេងទៀត ក៏ត្រូវរកឃើញថាមានទោសពីបទរំលោភ ប៉ុនប៉ងរំលោភ ឬរំលោភបំពានផ្លូវភេទផងដែរ ខណៈជនរងគ្រោះ គឺលោកស្រី ជីហ្សែល ប៉េលីខូត (Gisele Pelicot) អង្គុយនៅក្នុងបន្ទប់សវនាការដែលពោរពេញដោយហ្វូងមនុស្ស ដើម្បីស្តាប់ការកាត់ទោស។

លោកស្រី Gisele វ័យ ៧២ឆ្នាំដូចគ្នានេះ បានក្លាយជានិមិត្តរូបនៃភាពក្លាហាន និងអត់ធ្មត់របស់ស្ត្រី ក្នុងអំឡុងសវនាការ ៣ខែ ហើយហ្វូងអ្នកគាំទ្រនៅខាងក្រៅតុលាការក្នុងទីក្រុង អាវីណុង (Avignon) ភាគខាងត្បូង បានអបអរនៅពេលលោកស្រីបង្ហាញខ្លួនបន្ទាប់ពីសាលក្រមត្រូវបានប្រកាស។
លោកស្រីលើកឡើងក្នុងសេចក្តីអធិប្បាយដំបូងនៅចុងបញ្ចប់នៃការកាត់ទោសថា "ការកាត់ក្តីនេះគឺជាពេលវេលាដ៏លំបាកមួយ" ប៉ុន្តែលោកស្រីមិនសោកស្តាយចំពោះការសម្រេចចិត្តលាតត្រដាងសំណុំរឿងនេះក្នុងសវនាការជាសាធារណៈនោះទេ។
ចុងចោទ Dominique Pelicot ដែលបានរៀបការជាមួយលោកស្រី Gisele អស់រយៈពេល ៥០ឆ្នាំមកនេះ បានផ្ដល់ចម្លើយពីភាពមានទោសចំពោះបទចោទប្រកាន់ ហើយក្រុមចៅក្រម ៥រូប បានកាត់ទោសលោកឱ្យជាប់ពន្ធនាគារអតិបរមា ២០ឆ្នាំ តាមការស្នើសុំរបស់រដ្ឋអាជ្ញា ខណៈក្រុមសកម្មជនទាមទារឱ្យកាត់ទោសខ្លាំងក្លាជាងនេះ៕