អាមេរិក៖ លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកំពុង "បន្តរងទុក្ខ" ដោយសារការសម្រេចចិត្តរបស់អតីតប្រធានាធិបតី Donald Trump ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅជំនួប G20 ក្នុងទីក្រុងរ៉ូម ដោយប្រើពាក្យកាត់សម្រាប់ឈ្មោះផ្លូវការនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយថា យើងកំពុងបន្តទទួលរងគ្រោះដោយសារតែការសម្រេចចិត្តដ៏អាក្រក់បំផុតដែលប្រធានាធិបតី Trump បានធ្វើក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានបោះបង់ចោល ដោយសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោក Trump ហើយកិច្ចពិភាក្សាដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងឡើងវិញនៅទីក្រុងវីយែនប្រទេសអូសទ្រីស ត្រូវបានផ្អាកកាលពីចុងខែមិថុនាបន្ទាប់ពីជុំទី៦ រវាងអ៊ីរ៉ង់ ចិន អាល្លឺម៉ង់ បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និងដោយប្រយោលជាមួយសហរដ្ឋអាមេរិក។ រដ្ឋបាលលោក Biden បានសន្យាថានឹងចូលទៅក្នុងកិច្ចព្រមព្រៀងឡើងវិញ ប៉ុន្តែក្រុមអ្នកចរចារបស់ប្រធានាធិបតីត្រូវប្រឈមនឹងការពិភាក្សា និងការសម្រេចចិត្តដ៏តឹងតែងអំពីរបៀបដែលត្រូវអនុវត្តន៍។
លោក Biden បានជួបប្រជុំជាមួយមេដឹកនាំប្រទេសចំនួន ៣ ដែលជាភាគីនៃកិច្ចព្រមព្រៀងនោះរួមមានអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel, លោកប្រធានាធិបតីបារាំង Emmanuel Macron និងលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson កាលពីថ្ងៃសៅរ៍នៅឯជំនួបកំពូល G20។ បន្ទាប់មកមេដឹកនាំបាននិយាយពួកលោក "ជឿជាក់ថា វាអាចទៅរួចយ៉ាងឆាប់រហ័សដើម្បីឈានដល់ និងអនុវត្តការយល់ដឹងមួយក្នុងការវិលត្រឡប់ទៅរកការអនុលោមតាមច្បាប់ពេញលេញ" នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៕
អត្ថបទ៖ សុខមាន