ប្រធានចារកម្មបរទេសរបស់ប្រទេសអេស្តូនី បានព្រមានថា សម្ព័ន្ធយោធាណាតូ ត្រូវតែបង្កើនការទប់ស្កាត់របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ក្នុងរយៈពេលពី ១០ឆ្នាំទៅ ២០ឆ្នាំខាងមុខនេះ។

អេស្តូនី ដែលមានព្រំដែនជាប់រុស្ស៊ី និងជាសមាជិកអង្គការណាតូ បានបង្កើនការចំណាយទ្វេដងលើវិស័យការពារជាតិតាំងពីសង្រ្គាមអ៊ុយក្រែន ចាប់ផ្ដើមមក ទៅដល់កម្រិត ៣,៤% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួននៅឆ្នាំនេះ ដែលជាតួលេខធំបំផុតទីពីរនៅណាតូ ហើយបានបង្កើនការយកពន្ធចាប់ពីឆ្នាំក្រោយ ដើម្បីទិញគ្រាប់រំសេវបន្ថែមដាក់ឃ្លាំងស្តុករបស់ខ្លួនសម្រាប់ការការពារ។

អគ្គនាយកសេវាចារកម្ម លោក កាវប៉ូ រ៉ូស៊ីន (Kaupo Rosin) បាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា "ភារកិច្ចរបស់ណាតូ ក្នុងពេល ១០ទៅ២០ឆ្នាំខាងមុខនេះ គឺការទប់ទល់រុស្ស៊ី ដើម្បីកុំឱ្យទីក្រុងមូស្គូ មានគំនិតរុញច្រានយោធាលោកខាងលិច" ដោយបន្ថែមថា "ការរារាំងអាចទៅរួចទាល់តែសមាជិកណាតូ យកចិត្តទុកដាក់ និងវិនិយោគលើការការពារ"។

ខណៈដែលរុស្ស៊ី បានបដិសេធម្ដងហើយម្ដងទៀតថាខ្លួនមិនបានរៀបចំវាយប្រហារលើប្រទេសណាតូទេនោះ ប្រមុខការពារជាតិរបស់ខ្លួនបានព្រមានក្នុងសប្ដាហ៍នេះថា ទីក្រុងមូស្គូ ត្រូវតែត្រៀមខ្លួនប្រយុទ្ធនឹងសម្ព័ន្ធយោធាណាតូ នៅអឺរ៉ុប ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕