អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យសហភាពអឺរ៉ុប (EU) ឈានដល់កិច្ចព្រមព្រៀងឲ្យបានឆាប់រហ័សជាមួយប្រទេសចិន ជុំវិញជម្លោះដាក់ពន្ធលើរថយន្តអគ្គិសនី (EVs) ។

អធិការបតីអាល្លឺម៉ង់ លោក Scholz បាននិយាយនៅពេលលោកទៅដល់កិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុប ថា «វាគ្មានន័យទេ ក្នុងការដែលមានជម្លោះអំពីរឿងនេះ។ ដូច្នេះហើយ លោកសូមអំពាវនាវដល់អ្នកគ្រប់គ្នា មានការចរចា ដើម្បីទទួលបានលទ្ធផលល្អ នៅពេលនេះ»។
ក្រសួងពាណិជ្ជកម្ម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនសង្ឃឹមថាសហភាពអឺរ៉ុប នឹងមានចំណាត់ការជាក់ស្តែងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីរួមគ្នាជំរុញការពិគ្រោះយោបល់លើផែនការកំណត់តម្លៃសម្រាប់រថយន្តអគ្គិសនីរបស់ប្រទេសចិន។
អ្នកនាំពាក្យរបស់ក្រសួង លោក He Yongqian បាននិយាយថា ប្រទេសចិន តែងតែគាំទ្រការដោះស្រាយជម្លោះពាណិជ្ជកម្មតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ ហើយបាននិងកំពុងខិតខំអស់ពីសមត្ថភាពដើម្បីចរចាលើការកំណត់តម្លៃ។
លោក Scholz ក៏បានអំពាវនាវដល់គណៈកម្មការអឺរ៉ុប ឱ្យបន្ធូរបន្ថយការអនុវត្តការពិន័យផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់សហភាពអឺរ៉ុប ដែលមិនបំពេញតាមគោលដៅនៃការបំភាយកាបូនឌីអុកស៊ីត (CO2) ក្នុងតំបន់ ដែលបានកំណត់សម្រាប់ឆ្នាំក្រោយ។
លោក Scholz និយាយថា «នៅក្នុងសម្ពាធសកលបច្ចុប្បន្ន ដែលឧស្សាហកម្មរថយន្តកំពុងប្រឈមមុខ ជាពិសេសនៅអឺរ៉ុប វាគ្មានន័យនោះទេចំពោះការដាក់បន្ទុកបន្ថែមទៀតលើក្រុមហ៊ុននានាដោយការពិន័យ សម្រាប់គោលដៅ ដែលពុំទាន់ត្រូវបានបំពេញក្នុងឆ្នាំ២០២៥។