យ៉ាងហោចណាស់កុមារ ៣៥នាក់ បានស្លាប់ និង ៦នាក់ ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការរត់ជាន់គ្នាពីហ្វូងមនុស្សនៅឯព្រឹត្តិការណ៍ក្នុងសាលារៀនមួយកន្លែង នៅទីក្រុងដ៏ធំទី៣ របស់នីហ៊្សេរីយ៉ា គឺក្រុង អ៊ីបាដាន (Ibadan) ក្នុងរដ្ឋ អូយ៉ូ (Oyo)។

នគរបាលនិយាយថា មនុស្ស ៨នាក់ត្រូវបានចាប់ខ្លួន "ដោយសារការជាប់ពាក់ព័ន្ធផ្សេងៗរបស់ពួកគេ" នៅក្នុងឧប្បត្តិហេតុនេះ ហើយក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួនគឺជាអ្នកឧបត្ថម្ភដ៏សំខាន់នៃព្រឹត្តិការណ៍បែបសាសនាកាលពីថ្ងៃពុធនោះ នៅវិទ្យាល័យឈ្មោះ បាសូរ៉ុន អ៊ីស្លាម (Basorun Islam)។

លោក អាដេវ៉ាលេ អូស៊ីហ្វេសូ (Adewale Osifeso) អ្នកនាំពាក្យរបស់បញ្ជាការនគរបាលក្នុងរដ្ឋ Oyo បាននិយាយថា ការស៊ើបអង្កេតករណីមនុស្សឃាតត្រូវបានបើកដំណើរការ។ មន្ត្រីនគរបាលលើកឡើងថា ពួកគេជឿថាការរត់ជាន់គ្នានេះបានកើតឡើងបន្ទាប់ពីអ្នករៀបចំព្រឹត្តិការណ៍ចាប់ផ្តើមចែកចាយអាហារ និងអំណោយ។

យោងតាមវិទ្យុក្នុងស្រុកមួយបានឱ្យដឹងថា យុវជនប្រហែល ៥.០០០នាក់ ចូលរួមនៅក្នុងព្រឹត្តិការណ៍នោះ ដែលបានផ្សព្វផ្សាយថា កុមារ "នឹងឈ្នះរង្វាន់ដ៏គួរឱ្យរំភើបដូចជាអាហារូបករណ៍ និងអំណោយដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត"៕