រលកថ្មីនៃជម្លោះនយោបាយរវាងគណបក្សកាន់អំណាច និងបក្សប្រឆាំងរបស់កោះតៃវ៉ាន់ ដែលពាក់ព័ន្ធនឹងការតវ៉ាតាមដងផ្លូវ និងការប៉ះទង្គិចគ្នារវាងសមាជិកសភា បន្ថែមលើសំណួរអំពីសមត្ថភាពជាអ្នកគ្រប់គ្រងរបស់មេដឹកនាំកោះ លោក Lai Ching-te។

នៅថ្ងៃសុក្រ (២០ ធ្នូ) នេះ សមាជិកសភាបានធ្លាក់ចូលក្នុងទិដ្ឋភាពតានតឹងនៅមាត់ទ្វារសភា ក្នុងពេលដែលសមាជិកបក្សប្រជាធិបតេយ្យជឿនលឿន DPP ដែលកំពុងកាន់អំណាច បានបោះតុ កៅអី និងគ្រឿងសង្ហារិមផ្សេងទៀតដើម្បីបិទច្រកចូល ខណៈក្រុមបក្សប្រឆាំង គូមីនតាំង KMT បានរុញច្រាន និងប៉ះទង្គិចយ៉ាងតានតឹង ដើម្បីចូលក្នុងអគារ។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកគាំទ្របក្ស DPP បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់បក្ស KMT ក្នុងការជំរុញការផ្លាស់ប្តូរផ្លូវច្បាប់ ដែលពួកគេបារម្ភថានឹងបន្ថយអំណាចរដ្ឋាភិបាលរបស់លោក Lai ។
ការតវ៉ា និងការប្រឈមមុខដាក់គ្នារវាងសមាជិកសភានេះ គឺជាបញ្ហាចុងក្រោយបំផុតចំពោះលោក Lai ក្នុងការដឹកនាំកោះតៃវ៉ាន់ ដែលប្រទេសចិន បានសន្យាថានឹងនាំយកមកក្រោមការគ្រប់គ្រងរបស់ខ្លួនវិញនៅថ្ងៃណាមួយ ដោយប្រើកម្លាំងប្រសិនបើចាំបាច់៕
