កណ្តាល ៖ ដូចការគ្រោងទុក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បណ្តាសាលារៀនរដ្ឋ និងឯកជន នៅទូទាំងខេត្តកណ្តាល បានចាប់ផ្តើមបើកដំណើរការរៀន និងបង្រៀនតាមបណ្តុំនៅគ្រប់កម្រិតសិក្សាទាំងអស់ឡើងវិញ។
នៅថ្ងៃចាប់ផ្តើមចូលរៀនវិញនៅថ្ងៃដំបូងនេះ សិស្សានុសិស្សបានថ្លែងថា ការដែលគេបានចូលរៀនវិញនេះ គឺដោយសារសម្តេចតេជោ បានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនកុមារ និងធ្វើអោយស្ថានការកូវីដ១៩ ធូរស្រាលវិញ។
សិស្សានុសិស្ស បានប្រាប់BTV ថា នៅថ្ងៃនេះ ពួកគេសប្បាយចិត្តជាខ្លាំងចំពោះរាជរដ្ឋាភិបាលដែលបានអនុញ្ញាតអោយបើកសាលារៀនទាំងអស់ឡើងវិញ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឆ្លងមេរោគកូវីដ១៩ ដោយត្រូវខិតខំអនុវត្តតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងវិធានការណែនាំនានាទៀតរបស់ក្រសួងអប់រំយុវជននិងកីឡា ។
នាយកសាលាបឋមសិក្សា ហ៊ុន សែន កំពង់សំណាញ់ និងនាយកវិទ្យាល័យហ៊ុន សែនសេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា នៅថ្ងៃចាប់ផ្តើមបើកដំណើរការថ្នាក់រៀនទាំងអស់ជាលើកដំបូងឡើងវិញនេះ បានជួបបញ្ហាប្រឈមខ្លះៗ ដោយសារកុមារ និងសិស្សានុសិស្សមួយចំនួនមិនបានទទួលបានការណែនាំពីលោកគ្រូអ្នកគ្រូពីមុនមក អំពីការប្តូរវេនសិក្សា តែទោះយ៉ាងណា សម្រាប់ការចូលរៀននៅថ្ងៃដំបូងនោះ អាណាព្យាបាលនិងសិស្សានុសិស្សរៀបចំខ្លួនបានល្អអំពីការប្រុងប្រយ័ត្ន ការពារខ្លួនពីការឆ្លងនៃមេរោគកូវីដ១៩។
បើតាមលោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល នៅថ្ងៃចាប់ផ្តើមបង្រៀន និងរៀនតាមបណ្តុំនេះ យើងពុំទាន់បានទទួលការរាយការណ៍ណាមួយពីថ្នាក់ដឹកនាំសាលារៀន ថាតើ មានសាលារៀនប៉ុន្មានមិនទាន់បានបើកដំណើរការដោយសារបញ្ហាទឹកជំនន់ជនលិចសាលារៀន និងជួបរងការប៉ះពាលដោយសារកូវីដ១៩នោះទេ តែទោះយ៉ាងណានៅថ្ងៃនេះ បណ្តាសាលារៀនរដ្ឋ និងឯកជនទាំងអស់បានដំណើរការឡើងវិញ ដោយការរៀន និងបង្រៀនតាមបណ្តុំនោះ គឺមានប្តូរវេន និងកាត់បន្ថយចំនួនសិស្សចូលសិក្សានៅក្នុងថ្នាក់បានត្រឹមត្រូវ។
សូមបញ្ជាក់ថា នៅទូទាំងខេត្តកណ្តាល មានសាលាមត្តេយ្យសិក្សាមានចំនួន២៤៣សាលា មានកុមារតូចចូលសិក្សាសរុបជាង១ម៉ឺន៦ពាន់នាក់ សាលាបឋមសិក្សាចំនួន៣៧៣សាលា មានកុមារកំពុងសិក្សាមានជិត ១៦ ម៉ឺននាក់ ។
ដោយឡែក អនុវិទ្យាល័យ មាន ១០១ សាលា ដែលសិស្សចូលសិក្សាប្រមាណ១ ម៉ឺន ២ ពាន់នាក់ និងវិទ្យាល័យមានចំនួន៣៩ សាលាមានជិត៤ម៉ឺននាក់៕
អត្ថបទ ស៊ុម សុខជា