នៅសល់ពេលមួយខែទៀតដែលលោក Donald Trump ក្លាយជាប្រធានាធិបតីអាមេរិកពេញសិទ្ធិ ប៉ុន្តែលោកបានបង្ហាញពីសមត្ថភាពពិសេសរបស់ខ្លួនក្នុងការនាំយកភាពច្របូកច្របល់ និងភាពវឹកវរជាថ្មី ដូចជាការទាក់ទាញចំណាប់អារម្មណ៍ ភាពពិបាកទាយទុក ការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយ និងវាយប្រហារកិច្ចព្រមព្រៀងថវិកានៅក្នុងសភា។

លោក ថត ប៊ែល (Todd Belt) សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ ចច វ៉ាស៊ីនតោន (George Washington) បាននិយាយថា "យើងនឹងមើលឃើញភាពវឹកវរបន្ថែមទៀតនៅក្នុងអាណត្តិទីពីររបស់ Trump ធ្ងន់ជាងអាណត្តិទីមួយរបស់លោកទៅទៀត ហើយការភាន់ច្រឡំ ដែលលោកបានបង្កើតឡើងក្នុងសប្តាហ៍នេះ គឺបង្ហាញយ៉ាងច្បាស់ពីអ្វីដែលនឹងមកដល់នៅពេលខាងមុខ"។

មេដឹកនាំមកពីបក្សសាធារណរដ្ឋរូបនេះ បានស្ថិតក្រោមការយកចិត្តទុកដាក់កាន់តែខ្លាំង ខណៈប្រធានាធិបតីអាមេរិក Joe Biden ហាក់បាត់មុខយ៉ាងច្រើនពីទិដ្ឋភាពសាធារណៈក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃតំណែង។ គួររម្លឹកថា អាណត្តិដំបូងរបស់លោក Trump ពោរពេញដោយសេចក្ដីប្រកាសដ៏រំជើបរំជួល ការបណ្តេញចេញដ៏ច្រើន ការបដិសេធមិនឈប់ឈរ និងចលាចលខាងការទូត។
បួនឆ្នាំមកហើយបញ្ហាបែបនេះនៅតែមាន ដូចដែលបានបង្ហាញក្នុងការលេងសើចរបស់លោក Trump អំពីប្រទេសកាណាដា កាលពីថ្ងៃពុធសប្ដាហ៍នេះ នៅពេលលោកនិយាយថា គំនិតដែលថាកាណាដា ក្លាយជារដ្ឋទី៥១ របស់អាមេរិក "ជារឿងអស្ចារ្យណាស់"។ ភាពច្របូកច្របល់កំពុងបន្ត ដែលបង្កឡើងដោយប្រធានាធិបតីជាប់ឆ្នោតរូបនេះ ធ្វើឱ្យអ្នកសារព័ត៌មាន អ្នកការទូត អ្នកនយោបាយ និងក្រុមហិរញ្ញវត្ថុ ទាំងក្នុង និងក្រៅប្រទេស ឈឺក្បាលយ៉ាងខ្លាំង៕