ក្រុមមន្ត្រីសន្តិសុខឥណ្ឌាបាននិយាយថា ក្រុមសកម្មប្រយុទ្ធជនជាតិឥណ្ឌា ដែលបានជ្រកកោនក្នុងសហភាពមីយ៉ាន់ម៉ា និងប្រយុទ្ធក្នុងសង្គ្រាមស៊ីវិល បាននឹងកំពុងត្រលប់មកវិញឆ្លងកាត់ព្រំដែនទៅកាន់រដ្ឋ ម៉ានីពួរ (Manipur) របស់ឥណ្ឌា ក្នុងឆ្នាំនេះ ដែលបានបញ្ឆេះជម្លោះជនជាតិភាគតិចរយៈពេល ១៩ខែដ៏ជូរចត់នៅទីនោះ។

ការត្រឡប់មកវិញនៃយុទ្ធជនទាំងនោះ បាននាំឱ្យមានកំណើនអំពើហិង្សានៅសហគមន៍ម៉ានីពួរ រវាងអ្នកកាន់ហិណ្ឌូភាគច្រើន ម៉ីតី (Meitei) និងក្រុមកុលសម្ព័ន្ធ គូគី (Kuki) ដែលភាគច្រើនជាគ្រិស្តសាសនិក ខណៈអ្នករិះគន់និយាយថា ជម្លោះនេះជាបរាជ័យផ្នែកច្បាប់ និងសណ្ដាប់ធ្នាប់ដ៏ធំបំផុតនៃរដ្ឋាភិបាល ១១ ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី ណារិន្រ្ទៈ ម៉ូឌី (Narendra Modi)។ ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣មក មនុស្សប្រហែល ២៦០នាក់ ត្រូវសម្លាប់នៅក្នុងអំពើហិង្សា ហើយជាង ៦០.០០០នាក់ត្រូវជម្លៀស។

ប្រភពពីមន្ត្រីយោធា និងនគរបាលឥណ្ឌា រួមទាំងអ្នកនយោបាយ និងក្រុមឧទ្ទាមជាច្រើននាក់ក្នុងមីយ៉ាន់ម៉ា បានបង្ហើបថា ជម្លោះម៉ានីពួរ កំពុងរីករាលដាលដល់តំបន់ថ្មី ដោយសារក្រុមសកម្មប្រយុទ្ធមកពីក្រុមគូប្រជែង បានឆ្លងកាត់ព្រំដែនទៅកាន់តំបន់នេះបន្ថែមទៀត។

រដ្ឋម៉ានីពួរ គឺជាតំបន់ព្រៃភ្នំដែលមានប្រជាជនចំនួន ៣,២លាននាក់នៅភាគឦសាននៃប្រទេសឥណ្ឌា មានព្រំប្រទល់ជាប់មីយ៉ាន់ម៉ា។ ការប្រយុទ្ធគ្នានៅទីនោះបានផ្ទុះឡើងកាលពីឆ្នាំមុន ដោយដីការបស់តុលាការ ដែលផ្តល់កូតាឱ្យជនជាតិម៉ីតី ដែលរស់នៅក្នុងតំបន់ជ្រលងភ្នំដ៏រុងរឿង ដូចគ្នាទៅនឹងជនជាតិ គូគី ដែលជួបការលំបាកជាប្រវត្តិសាស្ត្រ និងរស់នៅក្នុងភ្នំក្រីក្រ៕