អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស(Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យអ៊ីស្រាអែល បញ្ឈប់ការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ហ្គុយតឺរេស បានថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសយ៉ាងទូលំទូលាយរបស់អ៊ីស្រាអែល ទៅលើប្រទេសស៊ីរី ក្នុងគោលបំណងបំផ្លាញអាវុធយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធយោធា និងការចូលរបស់កងទ័ពរបស់ខ្លួន ចូលទៅក្នុងតំបន់គ្មានយោធារវាងប្រទេសស៊ីរី និងតំបន់ខ្ពង់រាប Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

លោកបាននិយាយថា៖«សកម្មភាពទាំងនោះ គឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ហើយពួកវា ត្រូវតែបញ្ឈប់។ «ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់៖ មិនគួរមានកងកម្លាំងយោធា នៅក្នុងតំបន់ខណ្ឌចែករវាងប្រទេសទាំងពីរ ក្រៅពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនោះទេ ហើយកងរក្សាសន្តិភាពទាំងនោះ ត្រូវតែមានសេរីភាព ក្នុងការធ្វើដំណើរ ដើម្បីបំពេញការងារសំខាន់ៗរបស់ពួកគេ»។
លោក ហ្គុយតឺរេស បានគូសបញ្ជាក់ថា អ៊ីស្រាអែល និងស៊ីរី ត្រូវតែគោរពលក្ខខណ្ឌនៃកិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្គ្រាម ឆ្នាំ ១៩៧៤ ដែលនៅតែជាធរមានយ៉ាងពេញលេញ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មានថា៖«នេះគឺជាពេលវេលាដ៏ច្បាស់លស់ ជាពេលវេលានៃក្តីសង្ឃឹម និងជាប្រវត្តិសាស្ត្រ ប៉ុន្តែក៏ជាពេលវេលានៃភាពមិនប្រាកដប្រជាដ៏សំខាន់ មួយផងដែរ»។
លោកបាននិយាយថា៖«អ្នកខ្លះនឹងព្យាយាមកេងប្រវ័ញ្ចពីស្ថានភាពនេះ ដើម្បីផលប្រយោជន៍ផ្ទាល់របស់ពួកគេ។ ប៉ុន្តែវាជាកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិ ក្នុងការគាំទ្រប្រជាជនស៊ីរី ដែលបានរងទុក្ខយ៉ាងខ្លាំងនោះ »។