បាល់ទាត់៖ ថ្មីៗនេះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ ISI ដង្កោសែនជ័យ ៤ទល់នឹង ១ការប្រកួតមិត្តភាពក្នុងស្រុកត្រៀមសម្រាប់ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពានថ្នាក់ជាតិ និងលីគកំពូលដែលនៅសល់។

យោងតាមគណៈកម្មការៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជាបានឱ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពានថ្នាក់ជាតិវគ្គ ១៦ក្រុមចុងក្រោយចាប់ផ្តើមប្រកួតពីថ្ងៃទី៩ ខែវិច្ឆិការតទៅ ដោយក្នុងនោះជើងឯក ៤ដងព្រះខ័នរាជស្វាយរៀង ទទួលជើងឯកថ្នាក់ខេត្ត២០២១ ខេត្តកោះកុងនៅខេត្តស្វាយរៀង។ រដូវកាលមុនព្រះខ័នរាជស្វាយរៀងឡើងដល់វគ្គ ៨ក្រុមចុងក្រោយបន្ទាប់ពីចាញ់ណាហ្កាវើលក្នុងជើងទី២។

ចំនែកការប្រកួតលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀងត្រឡប់មកវិញដោយត្រូវទទួលគីរីវង់សុខសែនជ័យថ្ងៃទី១៣ ខែវិច្ឆិកា មុនធ្វើដំណើរទៅជួបអង្គរថាយហ្គឺរនៅសៀមរាបថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ។ ក្រោយលេងបាន១៧ ប្រកួតព្រះខ័នរាជឈរនៅចំណាត់ថ្នាក់ទី២ មាន ៣៦ពិន្ទុ ចាញ់ក្លិបភ្នំពេញក្រោនដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ១ បួនពិន្ទុ៕
អត្ថបទ៖ គង់ ហួន