ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដួលរលំរបស់អតីតមេដឹកនាំស៊ីរី លោក បាសា អាល់អាសាដ មិនមែនជា «ការបរាជ័យ» សម្រាប់រុស្ស៊ីនោះទេ ដោយអះអាងថា ទីក្រុងមូស្គូ បានសម្រេចគោលដៅរបស់ខ្លួន នៅក្នុងប្រទេសនេះ។
លោក អាសាដ បានភៀសខ្លួនទៅកាន់ទីក្រុងមូស្គូកាលពីដើមខែនេះ បន្ទាប់ពីការកើនឡើងនៃក្រុមសកម្មប្រយុទ្ធដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានបញ្ចប់ការគ្រប់គ្រងរយៈពេលកន្លះសតវត្សរ៍ ដោយគ្រួសាររបស់លោក អាសាដត្រូវបានគេកំណត់ថា មានការគាបសង្កត់ និងត្រូវចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សដ៏ធំ និងសង្រ្គាមស៊ីវិល។
ការចាកចេញរបស់លោក បានកើតឡើងជាង ១៣ឆ្នាំ បន្ទាប់ពីការបង្រ្កាបរបស់ខ្លួនលើការតវ៉ាលទ្ធិប្រជា ធិបតេយ្យបានធ្វើឲ្យមានសង្រ្គាមស៊ីវិលផ្ទុះឡើង។
ប្រទេសរុស្ស៊ី គឺជាអ្នកគាំទ្រដ៏សំខាន់របស់លោក អាសាដ ហើយបានជួយគាត់ ក្នុងឆ្នាំ ២០១៥ ដោយបានប្រែក្លាយទៅជាជំនោរនៃជម្លោះ។
លោក ពូទីន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំរបស់ខ្លួនថា៖«អ្នកចង់បង្ហាញពីអ្វីដែលកំពុងកើតឡើង នៅក្នុងប្រទេសស៊ីរីថា ជាការបរាជ័យសម្រាប់ប្រទេសរុស្ស៊ី» ។
ដោយឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតអាមេរិក លោកបាននិយាយថា៖«ខ្ញុំសូមធានាចំពោះអ្នកថា វាមិនមែនជាការបរាជ័យសម្រាប់រុស្ស៊ីទេ »។«យើងបានមកដល់ប្រទេសស៊ីរី កាលពី១០ឆ្នាំមុន ដើម្បីកុំឲ្យក្រុមភេរវករ ត្រូវបានបង្កើតឡើង នៅទីនោះ ដូចនៅអាហ្វហ្គានីស្ថាន។ សរុបមក យើងបានសម្រេចគោលដៅរបស់យើងហើយ»។
មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បាននិយាយថា លោកមិនទាន់បានជួបជាមួយលោក អាសាដ នៅទីក្រុងមូស្គូ នៅឡើយទេ ប៉ុន្តែគ្រោងនឹងជួប ក្នុងពេលឆាប់ៗនេះ។