ទីភ្នាក់ងារសារព័ត៌មាន Anadolu ពាក់កណ្តាលផ្លូវការរបស់ទួរគី បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិថា ទួរគីនឹងបន្តសកម្មភាពយោធារបស់ខ្លួន នៅភាគខាងជើងប្រទេសស៊ីរី រហូតដល់ក្រុមយុទ្ធជនឃើដ «ទម្លាក់អាវុធទាំងស្រុង»។ ដោយគូសបញ្ជាក់ការគំរាមកំហែងដែលកំពុងបន្តពីកងកម្លាំងឃើដ នៅក្នុងប្រទេសស៊ីរី ទៅកាន់ព្រំដែនភាគខាងត្បូងរបស់ប្រទេសទួរគី ប្រភពបាននិយាយថា៖«វិធានការប្រឆាំងភេរវកម្ម និងការត្រៀមរៀបចំរបស់យើង នឹងបន្តរហូតដល់ក្រុមភេរវករ ទម្លាក់អាវុធចុះទាំងអស់ ហើយយុទ្ធជនបរទេសរបស់ពួកគេ ចាកចេញពីទឹកដីស៊ីរី ។
ប្រភពដដែលបានធ្វើការអត្ថាធិប្បាយ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធ ទួរគី និងកងទ័ពជាតិស៊ីរី ដែលជាសម្ព័ន្ធនៃក្រុមប្រដាប់អាវុធគាំទ្រដោយប្រទេសទួរគី កំពុងរៀបចំសម្រាប់ប្រតិបត្តិការប្រឆាំងនឹងអង្គភាពការពារប្រជាជនឃើដស៊ីរី (YPG) នៅភាគខាងកើតនៃទន្លេអឺប្រាត (Euphrates)។
ប្រទេសទួរគី មើលឃើញថា អង្គភាពការពារប្រជាជនឃើដស៊ីរី (YPG) ជាផ្នែកបន្ថែមនៃគណបក្សពលករឃើដ(PKK) ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវកម្មដោយទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយបានបះបោរប្រឆាំងនឹងរដ្ឋាភិបាលទួរគី អស់រយៈពេលជាងបីទសវត្សរ៍មកហើយ។
យោធាទួរគី បានចាប់ផ្តើមប្រតិបត្តិការជាច្រើន ចាប់តាំងពីឆ្នាំ ២០១៦ នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីបង្កើតតំបន់គ្មាន YPG នៅតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយប្រទេសជិតខាងនេះ។